(រតនគិរី)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅមុននេះបន្ដិចនារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រកាសឲ្យដឹងថា ទឹកទន្លេសេសាន្ដ បានហក់ឡើងខ្លាំង ដល់កម្រិងកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្នហើយ ដូច្នេះសូមប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់។
តាមរយៈទំព័រ Facebook ផ្លូវការក្រសួងធនធានទឹក បានបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមម៉ោង២រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី បានបន្តជន់ឡើងដល់កម្ពស់៨ម៉ែត្រ ដែលជាកម្រិតកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្នហើយ។ ពេលនេះទឹកបានលិចចូលតំបន់ទំនាបមួយចំនួន នៅតាមដងទន្លេ»។
ជាមួយគ្នានេះ អភិបាលខេត្តរតនគិរី លោក ថង សាវុន ក៏ធ្លាប់បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ហើយណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្ដយកចិត្ដទុកដាក់ និងត្រៀមទាំងមធ្យោបាយ សម្ភារ ដើម្បីចេញអន្ដរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ៕