(រតនគិរី)៖ មានករណីអំពើហិង្សា១ បានកើតឡើងដោយសារតែអ្នកកាសែត២នាក់ នៅអង្គភាពផ្សេងគ្នា ដែលគេមិនសូវស្គាល់ឈ្មោះ ក្រោយពីផឹកស៊ីស្រវឹងជោគជាំ ក៏ទាស់ពាក្យសំដីគ្នារួចចាក់នឹងកូនកាំបិតកាលពីវេលាម៉ោង២២៖៣០នាទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចម្តុំផ្សាររាត្រីស្ថិត ក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ភ្លាមៗនោះដែរ ក្រោយពីទទួលពាក្យបណ្តឹងពីអ្នកជិតខាង សមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនដៃដល់ឈ្មោះ ណាត ពៅ អាយុ៣៨ឆ្នាំ មុខរបរអ្នកសារព័ត៌មាន មានទីលំនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង។ រីឯជនរងគ្រោះមានឈ្មោះ អោ ឧត្តម អាយុ២៨ឆ្នាំ មុខរបរអ្នកសារព័ត៌មាន របួសធ្ងន់ មានទីលំនៅជាមួយជនដៃដល់ដែរ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។
បើតាមប្រភពព័ត៌មាន រវាងជនដៃដល់ និងជនរងគ្រោះត្រូវជាបងថ្លៃ និងប្អូនថ្លៃ (បងថ្លៃអ្នកចាក់) ហើយមុនឈានដល់ករណីហិង្សានេះ គឺពួកគេបបួលគ្នាទៅផឹកស៊ីនៅហាងម្លប់ខ្នុរខាងកើតព្រលានយន្តហោះ ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។
បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានក្រុងបានលុងដើម្បីបំពេញសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តរតនគិរីផ្តន្ទាទោសតាមច្បាប់។
គួរបញ្ជាក់ផងដែរថា នៅខេត្តរតនគិរីមានអ្នកកាសែតជាង៣០០អង្គភាព កំពុងប្រកបអាជីពវិជ្ជាជីវៈនេះ៕