(ពោធិ៍សាត់)៖ ក្នុងនាមជាសមត្ថកិច្ចការពារសុខភាពប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានសហការជាមួយមន្ទីរ ពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញម្ហូបអាហារ នៅផ្សារបន្ទាយយួន ផ្សារស្រែស្តុក និងផ្ទះលក់ទំនិញតាមផ្លូវក្នុងឃុំកញ្ជរ ស្ថិតក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

មន្រ្តីកាំកុងត្រូល បានធ្វើតេស្តទៅលើមុខទំនិញមួយចំនួន ដែលត្រូវបានចាត់ទុកថា មានហានិភ័យដូចជា៖ ម៊ី, គុយទាវ, គ្រឿងសមុទ្រស្រស់, ប្រហិតសាច់ត្រី, ជ្រក់ច្រើនប្រភេទខ្ញីហាន់ស្រាប់, សណ្តែកបណ្តុះ។

ជាលទ្ធផល សុទ្ធតែមានអនុលោមភាព សុវត្ថិភាពទាំងអស់។ ដោយឡែកចំពោះការពិនិត្យមើលផលិតផលវេចខ្ចប់រួច ឃើញមានផលិតផល៧មុខ ហួសកាលបរិច្ឆេទ កំណត់ប្រើប្រាស់ ហើយត្រូវបានសាខាធ្វើកំណត់ហេតុ ដកហូតយកមករក្សាទុក ដើម្បីសុំគោលការកំទេចចោលនៅពេលក្រោយ ដែលមានទម្ងន់សរុបចំនួន 7មុខស្នើនឹង 216,75Kgs។

ទន្ទឹមនោះ ក្រុមការងារ ក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការ បរិភោគអាហារ ហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែម សារធាតុគីមីហាម ឃាត់ចូលក្នុងម្ហូបអាហារផងដែរ។

មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការ លាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើ ផលិតផលម្ហូបអាហារដែលធ្វើអោយ ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕