(ភ្នំពេញ)៖ តំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក ជា ពិសី សមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌឬស្សីកែវ និងលោកស្រី អាន ផល្លា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ រួមជាមួយមន្ត្រីពាក់ព័ន្ធ ខណៈខិតជិតចូលមកដល់នៅបុណ្យកាន់ព្រះវស្សាតាមបែបព្រះពុទ្ធសាសនាផងនោះ បានឆ្លៀតឱកាសពាំនាំយកទេយ្យវត្ត មានទៀនវស្សា សម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅក្នុងវត្តចំនួន៥ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថិតនៅវត្តញាណរង្សី ក្នុងភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោក ជា ពិសី បានថ្លែងថា នៅសល់តែង៥ថ្ងៃទៀតប៉ុណ្ណោះ បុណ្យចូលកាន់ព្រះវស្សានឹងឈានចូលមកដល់ ស្របជាមួយនឹងពិធីបុណ្យតាមបែបព្រះពុទ្ធសាសនានេះ ក្រោមការគិតគូរពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរៀបចំជាទេយ្យវត្ត មានជាទៀនវស្សា សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅក្នុងវត្តចំនួន៥ រួមមាន៖ វត្តញាណរង្សី វត្តទួលសុវណ្ណរាម វត្តឧត្តរាវតី វត្តកោះមេត្តាពោធិវង្ស និងវត្តទួលសន្តិវ័ន ដើម្បីប្រគេនដល់ព្រះសង្ស ក្នុងមួយវត្តទទួលបាន បច្ច័យ១០ម៉ឺនរៀល ទៀនវស្សាមួយគូរ សាដកមួយកញ្ចប់ ប្រេងមួយកាន៣០លីត្រ ស្ករសមួយបាវ២៥គីឡូក្រាម ទឹកដោះគោមួយកេស ទឹកក្រូច២កេស ទឹកបរិសុទ្ធ២កេស មីយើង២កេស ២០គីឡូ។ ដោយឡែកបច្ច័យ៥០ម៉ឺនរៀល របស់សាលាខណ្ឌឬស្សីកែវ និង២០ម៉ឺនរៀលផ្សេងទៀត បានមកពីការចូលរួមគាំទ្រពីមន្ត្រី សរុបជិត៧០ម៉ឺនរៀល ត្រូវបានប្រគេនជូនព្រះសង្សតាមវត្តនិមួយៗបន្ថែមទៀតផងដែរ។
លោក ជា ពិសី បានថ្លែងទៀតថា ក្នុងនាមមន្ត្រីសង្ស គណៈសង្សនាយក និងព្រះអនុគណ យាយជី និងតាជីក្ដី ក៍ជាប្រជាពលរដ្ឋមួយរូបផងដែរ ព្រោះនៅសល់ត្រឹមរយះពេល៥ថ្ងៃទៀតប៉ុណ្ណោះ គឺជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និតិកាលទី៦ នៃរដ្ឋសភា សូមត្រៀមឯកសារភ្ជាប់ទៅជាមួយនូវអត្តសញ្ញាណប័ណ្ណ ដើម្បីបោះឆ្នោត បើក្នុងករណីមិនមានអត្តសញ្ញាណប័ណ្ណនោះទេ គឺមិនអាចបោះឆ្នោតបានឡើយ តែអាចស្នើរសុំការបញ្ជាក់អត្តសញ្ញាណពីមន្ត្រីជុំនាញឲ្យបានមុន ដើម្បីឈានទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីរើសអ្នកដែលមានលទ្ធភាពដឹកនាំប្រទេស ក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឃន៍បន្តទៀត៕