(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ចង់កាន់អំណាចបន្ដទៅទៀត តាមរយៈការបោះឆ្នោតពីប្រជាពលរដ្ឋ ខុសគ្នាស្រឡះពីគណបក្សប្រឆាំង ចង់កាន់អំណាចតាមរយៈបដិវត្ដន៍ពណ៌។
ការគូសបញ្ជាក់យ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត ម៉ា ឈឿន អញ្ជើញចូលរួមក្នុង ពិធីឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្ដ្រ នីតិកាលទី៦ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម ដែលមានការចូលរួមពី ប្រជាពលរដ្ឋមកពីភូមិទទោល ឃុំគោករវៀង ស្រុកជើងព្រៃ សរុបជាង៥០០នាក់ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ។
ថ្លែងនៅក្នុងពិធីនោះ តំណាងរាស្ដ្រមណ្ឌលកំពង់ចាម បានបញ្ជាក់យ៉ាងដូច្នេះថា «គណបក្សប្រជាជនកម្ពុជា ចង់បានកាន់អំណាចបន្ដទៅទៀត តាមរយៈការបោះឆ្នោត បើប្រជាជនស្រលាញជាប់ឆ្នោត កាន់អំណាចតទៅទៀត បើប្រជាជនមិនស្រលាញ់លែងបោះឆ្នោតជូន គឺឈប់កាន់អំណាច នេះតាមរយៈការបោះឆ្នោត តាមរយៈសម្លេង តាមរយៈសេចក្ដីសម្រេចរបស់ប្រជាជន»។
លោកបណ្ឌិត ម៉ា ឈឿន បានបញ្ជាក់ទៀតថា វាខុសគ្នាស្រឡះ ដូចមេឃ និងដី ជាមួយនឹងគណបក្សប្រឆាំង ដែលចង់កាន់អំណាច តាមរយៈបដិវត្ដន៍ពណ៌ ដែលមានបរទេសនៅពីក្រោយខ្នង។ លោកបន្ដថា គណបក្សប្រជាជនកម្ពុជា គឺដើរលើផ្លូវបោះឆ្នោត ដែលគេហៅថា ជាលទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោតទៀងទាត់ ក្នុងរយៈពេល៥ឆ្នាំម្ដង ដើម្បីកាន់អំណាចបាន ត្រូវធ្វើតាមរយៈការបោះឆ្នោតពីប្រជាពលរដ្ឋ។
ជាមួយគ្នានោះ លោកក៏បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំដោះប្រទេសជាតិឲ្យរួចផុត ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានកសាងស្នាដៃ ជូនប្រទេសកម្ពុជា រួមមាន៖ នាំមកនូវសន្ដិភាព ជូនប្រជាជន និងប្រទេសជាតិ (ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស)។
លោកបណ្ឌិត ម៉ា ឈឿន បានបន្ថែមទៀតថា នេះដោយសារតែការឆ្លៀសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ដែលធ្វើឲ្យ ប៉ុល ពត រំលាយខ្លួន រំលាយទាំងអង្គការចាត់តាំង រំលាយទាំង កងយោធា និងអង្គការនយោបាយ ព្រមទាំងចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា ក្រោមគោលនយោបាយឈ្នះឈ្នះ នាឆ្នាំ១៩៩៨។
តំណាងរាស្ដ្រមណ្ឌលកំពង់ចាមរូបនេះ បានគូសបញ្ជាក់ថា បើគ្មានគោលនយោបាយឈ្នះឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ជាពិសេសដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន នោះទេ ក៏គ្មានសន្ដិភាព រហូតដល់បច្ចុប្បន្នផងដែរ។
ទន្ទឹមគ្នានេះ តំណាងរាស្ដ្រមណ្ឌលកំពង់ចាម ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ សូមអញ្ជើញចូលរួមទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ និងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានលេខ រៀងទី២០ និងរូបសញ្ញា «ទេវតាបាចផ្កា» ដើម្បីឲ្យសម្ដេចតេជោ ហ៊ុន សែន បន្ដដឹកនាំប្រទេសកម្ពុជាផងដែរ៕