(សៀមរាប)៖ អភិបាលខេត្តសៀមរាបលោក ឃឹម ប៊ុនសុង នៅថ្ងៃទី២២៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានចែកបណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋជាង១,០០០គ្រួសារ នៅភូមិត្រពាំសេះ, ភូមិវាល, និងភូមិទក្សិណត្បូង សង្កាត់គោកចក ចំនួន២០៥០ក្បាលដី។
ថ្លែងក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បានបញ្ជាក់ថា បណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចនវត្ថុ គឺមានសំខាន់ណាស់ ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការ ក្នុងលើកកម្ពស់ជីវភាព សេដ្ឋកិច្ច និងការអភិវឌ្ឍ ព្រោះប្រទេសយើងចប្ចុប្បន្ន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងដោយឡែកនៅក្រុងសៀមរាប រដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជំនាញ បានខិតខំជម្រុញ និងបំពេញតួនាទី ដើម្បីឲ្យប្រជាពលរដ្ឋបានទទួលបណ្ណកម្មសិទ្ធិ ឲ្យបានឆាប់រហ័ស ទោះក្នុងពេលខ្លះមានលក្ខណៈស្មុគស្មាញ និងទំនាស់ក៏ដោយ។
បើតាមលោកអភិបាលខេត្តសៀមរាប តែសម្រាប់ភូមិសាស្ត្រខេត្តសៀមរាប បញ្ហាដីធ្លី គឺត្រូវតែមានការសិក្សា ស្រាវជ្រាវឲ្យបានច្បាស់លាស់ និងតាមលក្ខណៈបច្ចេកទេស ព្រោះកន្លែងខ្លះជាតំបន់ប្រាសាទ តំបន់បេតិកភ័ណ្ឌ និងកន្លែងបុរាណដ្ឋាន ហើយទីតាំងខ្លះគឺសម្រាប់បម្រើប្រយោជន៍ ដល់សាធារណៈផងដែរ។
បន្ថែមពីនេះ លោក ឃឹម ប៊ុនសុង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង ដែលកន្លងមកលោកបានប្រកាសថា ការបិទផ្សាយត្រូវធ្វើក្នុងរយៈពេលខ្លីបំផុត គឺឥឡូវមានរយៈពេលតែពីរអាទិត្យ នេះជាការពេញចិត្តពេញថ្លើមណាស់ ចំពោះប្រជាពលរដ្ឋ។
លោកបានគូសបញ្ជាក់ថា កម្មសិទ្ធិនេះ គឺជាកេរ្តិ៍ដំណែលសម្រាប់ប្រជាពលរដ្ឋ ជាម្ចាស់កម្មសិទ្ធិស្របច្បាប់ និងកូនចៅជំនាន់ក្រោយ ដែលក្រោមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីឲ្យប្រជាពលរដ្ឋទទួលបាននូវកម្មសិទ្ធិច្បាស់លាស់ និងការការពារតាមផ្លូវច្បាស់។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងពិធីនៅព្រឹកមិញនេះ បានធ្វើការប្ដេជ្ញាចិត្តថានឹងទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលខ្លូនស្រលាញ់ពេញចិត្ត និងដើម្បីរក្សាសន្ដិភាព បន្ដការអភិវឌ្ឍនាវាកម្ពុជា តបតាមការអំនាវពាវរបស់លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។
សូមបញ្ជាក់ថា ជាលទ្ធផល នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទាំងបីភូមិ ដូចខាងក្រោម៖ ១៖ភូមិត្រពាំងសេះ មានសរុបចំនួន១,៣៣១ក្បាលដី ដែលក្នុងនោះត្រូវចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងចែកជូននាពេលនេះមានចំនួន១,១០១បណ្ណ, ២៖ភូមិទក្សិណខាងត្បូង មានសរុបចំនួន១,០៤៧ក្បាលដី ដែលក្នុងនោះត្រូវចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងចែកជូននាពេលនេះមានចំនួន៩០៦ប័ណ្ណ, ៣៖ភូមិវាល មានសរុបចំនួន ៧៥ក្បាលដី ដែលក្នុងនោះត្រូវចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ និងចែកជូននាពេលនេះមានចំនួន៤៣ប័ណ្ណ។
ចំពោះក្បាលដីនៅសល់ពុំទាន់អាចចេញបណ្ណបានទាំងបីភូមិសរុប ចំនួន៤០៣ក្នុងនោះរួមមាន៖ គ្មានទិន្នន័យចំនួន១៥៤ក្បាលដី ទំនាស់ព្រំចំនួន០២ក្បាលដី ជាប់តំបន់២ អាជ្ញាធរអប្សរាសរុបចំនួន៨០ក្បាលដី ជាប់ពាក់ព័ន្ធបុរាណដ្ឋានចំនួន១៥៨ក្បាលដី កាត់ផ្លូវអស់ចំនួន២ក្បាលដី និងជាប់បណ្តឹងទប់ស្កាត់ចំនួន០៣ក្បាលដី។
ចំពោះក្បាលដីគ្មានទិន្នន័យ មន្ទីរនឹងសហការទំនាក់ទំនងជាមួយម្ចាស់ក្បាលដី ឲ្យមកធ្វើការចុះបញ្ជីដី និងបន្តដោះស្រាយបញ្ហាដែលនៅសេសសល ស្របតាមនិតិវិធីដើម្បីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុជូនប្រជាពលរដ្ឋនាពេលខាងមុខ។ ការងារដែលនៅសេសសល លោកអភិបាលខេត្ដ បានណែនាំឲ្យមន្ទីរជំនាញពន្លឿនដោះស្រាយ និងបានថ្លែងអំណរគុណ ប្រជាពលរដ្ឋដែលបានចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គភាពជំនាញ៕