Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជានាំចេញផលនេសាទបានជិត៩ពាន់តោននៅឆមាសទី១, ចំណូលពីវិស័យជលផលមានជាង១៥ម៉ឺនដុល្លារ (video)

23-07-2018 14:11

(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា នៅឆមាសទី១ ក្នុងឆ្នាំ២០១៨នេះ កម្ពុជានាំចេញផលនេសាទស្រស់ និងផលនេសាទកែច្នៃ ដែលសរុបបានជិត៩ពាន់តោន។

របាយការណ៍បញ្ជាក់ថា នៅឆមាសទី១ ក្នុងឆ្នាំ២០១៨ ដែលគិតចាប់ពីខែមករា ដល់ខែមិថុនា កម្ពុជា បានប្រមូលផលនេសាទទឹកសាប ក្នុងរដូវនេសាទបានចំនួន២៧,៦៨០តោន និងផលនេសាទសមុទ្របាន៥៩៤០តោន។ ក្នុងនោះ បាននាំចេញផលនេសាទស្រស់ចំនួន ៥,៣៨០តោន និងផលនេសាទកែច្នៃបានចំនួន៣,២២០តោន។

សម្រាប់ចំណូលពីវិស័យជលផល ក្នុងឆមាសទី១ ឆ្នាំ២០១៨ បានចំនួន៦២០,៤៥៣,៨៦៣រៀល ដែលស្មើនឹងប្រមាណជាង១៥ម៉ឺនដុល្លារ។

រយៈពេលពាក់កណ្តាលឆ្នាំនេះ បទល្មើសជលផលមានចំនួន១,៤៤៧ករណី ក្នុងនោះបទល្មើសទឹកសាបមានចំនួន ១,៣៦៩ករណី និងសមុទ្រមានចំនួន ៧៨ករណីត្រូវបានបង្ក្រាប។ ក្នុងនោះចុះរុះរើ និងបំផ្លាញចោលវត្ថុតាងបទល្មើសជលផលរួមមាន៖ របាំងស្បៃមុង និងសាច់អួនប្រវែង៤១២,៨៥៤ម៉ែត្រ លូស្បៃមុង និងសាច់អួនចំនួន ៥,១៨៦មាត់ បង្គោល-ចម្រឹងចំនួន ២០៤,០១១ដើម លបកែច្នៃចំនួន ១,២៣៣គ្រឿង សម្រាស់ទំហំ ៤៩,៤៦៣ម៉ែត្រក្រឡា ឧបករណ៍ឆក់ត្រីចំនួន ២៤៤គ្រឿង និងលែងត្រីចម្រុះ ចូលក្នុងបឹងធម្មជាតិចំនួន ១៩,៩៩៩គីឡូក្រាមផងដែរ៕