Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតតំណាងរាស្រ្ត CNRP ម្នាក់ និងមនុស្ស៤នាក់ផ្សេងទៀត ប្រឈមនឹងវិធានការផ្លូវច្បាប់ ក្រោយធ្វើយុទ្ធនាការម្រាមដៃស្អាត ក្នុងខេត្តបាត់ដំបង

23-07-2018 13:38

(បាត់ដំបង)៖ អតីតតំណាងរាស្រ្តរបស់ អតីតគណបក្សសង្រ្គោះជាតិម្នាក់ រួមជាមួយនឹងសមាជិកក្រុមប្រឆាំង៤នាក់ផ្សេងទៀត អាចនឹងរងវិធានការផ្លូវច្បាប់ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បន្ទាប់ពីពួកគេបានដឹកនាំធ្វើយុទ្ធនការម្រាមដៃស្អាត នៅក្នុងទឹកដីខេត្តបាត់ដំបង ដើម្បីប្រឆាំងចំពោះការបោះឆ្នោតនៅកម្ពុជា។

លោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះថា រហូតដល់ពេលនេះ គ.ជ.ប បានទទួលពាក្យបណ្តឹងចំនួន៥ នៅខេត្តបាត់ដំបង ពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត។ លោកអះអាងថា ការធ្វើយុទ្ធនាការនេះ គឺជាការប្រឆាំងចំពោះការបោះឆ្នោត ដែលត្រូវតែទទួលរងនូវវិធានការតាមផ្លូវច្បាប់។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «គ.ជ.ប បានចាត់ទុកសកម្មភាពទាំង​នោះ គឺរារាំងដល់ការបោះឆ្នោតដែលត្រូវទទួលការពិនិត្យប្រាក់ពី ៥លាន ទៅ២០លានរៀល តាមមាត្រា១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត»

លោកបានបន្តទៀតថា «អ្នកប្តឹងនេះ គាត់បានប្តឹងមនុស្ស៥នាក់ ហើយមនុស្ស៥នាក់នោះ គាត់អាចនឹងទទួលរងនូវការពិន័យជាប្រាក់៥លានទៅ២០លានរៀល ហើយក្នុងនោះមានម្នាក់ជាបុគ្គលដែលត្រូវបានតុលាការកំពូល ហាមឃាត់នូវសកម្មភាពនយោបាយ ហើយគាត់ស្ថិតនៅក្នុង១១៨នាក់»

ទោះជាយ៉ាងនេះក្តី លោក សោម សូរីដា មិនទាន់បង្ហើបអំពីឈ្មោះរបស់ អតីតតំណាងរាស្រ្ត របស់អតីតគណបក្សសង្រ្គោះជាតិ ដែលអាចនឹងរងវិធានការផ្លូវច្បាប់នេះនៅឡើយទេ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ គណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានខេត្តបាត់ដំបង ក៏បានដាក់ពាក្យប្តឹង​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ​៣០​នាក់ ពីបទ​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាតនេះផងដែរ៕