(បន្ទាយមានជ័យ)៖ លោក កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ ម៉ាល័យ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ អញ្ជើញជាអធិបតីក្នុងពីធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវខេត្តលេខ២៥៦៣ ប្រវែង២២,៣គីឡូម៉ែត្រ ភ្ជាប់ពីថ្មពួក ផ្លូវជាតិលេខ៥៦ ទៅដល់បឹងត្រកួនផ្លូវជាតិលេខ៥៨ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍអាស៊ី (ADB)។
ក្នុងឱកាសនោះ លោក កែ គឹមយ៉ាន បានបន្តជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ប្រជាពលរដ្ឋស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមចំនួន៤១០០នាក់ និងនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ មានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំផ្សេងៗទៀត។
លោក កែ គឹមយ៉ាន បានបន្ថែមថា កម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ប្រែក្លាយតំបន់វាយប្រយុទ្ធគ្នា ទៅជាតំបន់អភិវឌ្ឍរីកចម្រើន ប្រជាពលរដ្ឋនៅរស់សុខសាន្ត សម្បូរសប្បាយជាមួយសន្តិភាព សន្តិសុខពេញផ្ទៃប្រទេស មានផ្លូវគមនាគមន៍ កាន់តែសម្បូរខ្វាត់ខ្វែងពាសពេញ និងជុំវិញប្រទេសដែលប្រជាពលរដ្ឋអាចធ្វើដំណើរបានយ៉ាងស្រួលចំណេញពេលវេលាទាំងការដឹកជញ្ជូនកសិផល និងដំណើរកម្សាន្ដ។
ជាមួយគ្នានេះ លោក កែ គឹមយ៉ាន បានថ្លែងអំណរគុណ និងដឹងគុណដល់ប្រជាពលរដ្ឋទាំងអស់ នៃគ្រូសារអ្នកស្រុកថ្មពួក ដែលបានចូលរួមថែរក្សាគាំទ្រសន្តិភាពជាមួយរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ហើយសូមប្រជាពលរដ្ឋទាំងអស់ ចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ អញ្ជើញទៅបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជ្រើសយកគណបក្សណាដែលពេញចិត្ត ដើម្បីការរីកចម្រើនក្នុងមូលដ្ឋានជាបន្តទៀត៕