(ភ្នំពេញ)៖ ពិតជាមានភាពភ្ញាក់ផ្អើលសម្រាប់បណ្ដាអ្នកគាំទ្រ ខណៈកាលពីថ្មីៗនេះ តារាចម្រៀងដ៏ល្បីល្បាញជួរមុខប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ ស្រាប់តែប្រកាសចាប់ដៃគូ ដោយបានចុះកិច្ចព្រមព្រៀងគ្នា ទៅលើវិស័យអចលទ្រព្យ ជាមួយនឹងម្ចាស់បុរីរាប់រយ ល្វែង លោក ឡេង ណាវ៉ាត់ត្រា ដែលត្រូវបានគេស្គាល់ថា ជាអ្នកជំនួញដ៏វ័យក្មេង
ដែលជោគជ័យលើវិស័យអចលនទ្រព្យទាំងលើជំនួញពុះដីឡូតិ៍លក់ និងសង់បុរីនោះ។
មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរបានប្រកាសដាក់ទុនរួមគ្នានូវទឹកប្រាក់ប្រមាណជាង៥លានដុល្លារ ទៅលើការធ្វើជំនួញពុះដីលក់លើទំហ៊ំដីជាង១៣ហិកតារ ដែលស្ថិតនៅម្ដុំផ្សារព្រៃទទឹង លើផ្លូវជាតិលេខ៣។ ការចាប់ផ្ដើមបើកឆាក គម្រោងនេះ ត្រូវបានគេចាប់អារម្មណ៍ជាខ្លាំង ដោយសារតែសម្រាប់អ្នកទិញដីមួយឡូតិ៍ មានឱកាសទទួលបានម៉ូតូមួយគ្រឿងភ្លាមៗ ចាប់ពីពេលចាប់ផ្ដើមរហូតដល់១៥ថ្ងៃក្រោយ ក្រោយពីការប្រកាសនេះ។
តារាចម្រៀងដ៏ល្បីល្បាញប្រចាំផលិតកម្មហង្សមាស លោក ព្រាប សុវត្ថិ បានថ្លែងក្នុងវេទិកាសន្នសីទកាសែត កាលពីរសៀលពេលថ្មីៗនេះថា ដើម្បីអបអរមុខជំនួញរួមគ្នារបស់លោក ជាមួយនឹង លោកឧកញ៉ា ឡេង ណាវ៉ាត្រា លោក និងដៃគូភាគហ៊ុន បានសម្រេចថែមជូនម៉ូតូមួយគ្រឿងតែម្ដង ជូនដល់អតិថិជន ដែលទិញដីឡូតិ៍ក្នុងគម្រោងរបស់លោកនៅផ្សារព្រៃទទឹង លើផ្លូវជិតលេខ៣ មួយឡូតិ៍ ខណៈដែលគម្រោងដីនោះលក់តែក្នុងតម្លៃចាប់ពី៣៩០០ដុល្លារក្នុងមួយឡូតិ៍ ដែលទាបជាងគម្រោងផ្សេងទៀតនៅក្នុងតំបន់ជុំវិញ ដើម្បីផ្ដល់លទ្ធភាពឲ្យអតិថិជនមានឱកាសបានទិញដីឡូតិ៍របស់លោក និងលោក ឡេង ណាវ៉ាត្រា ដែលបានប្រកាសចាប់ដៃគ្នា។
លោក ព្រាប សុវត្ថិ បានបន្ថែមទៀតថា ការថែមជូននេះ នឹងកំណត់រហូតដល់រយៈពេល១៥ថ្ងៃ ចាប់ពីការប្រកាសនេះតទៅ ដោយលោកបញ្ជាក់យ៉ាងខ្លីថា ទោះជាក្នុងរយៈពេលនេះ ដីឡូតិ៍ក្នុងគម្រោង ទាំងមូលត្រូវបានអតិថិជនទិញអស់រហូតដល់ ជាងមួយពាន់ឡូតិ៍ ក៏លោក និងដៃគូភាគហ៊ុន សម្រេចខាត លើការបន្ថែមម៉ូតូមួយគ្រឿងជូនដល់អតិថិជន មិនអោយខ្វះម្នាក់នោះដែរ ដើម្បីទុកជាចំណងដៃរបស់លោក ព្រាប សុវត្ថិ និងលោក ឡេង ណាវ៉ាត្រា ដែលបានចាប់ដៃធ្វើជំនួញរួមគ្នា។
ក្រៅពីការប្រកាសជូនម៉ូតូជាកាដូសម្រាប់ការបើកគម្រោងបណ្ដាក់ទុនរួមគ្នា លោកព្រាប សុត្ថិ ក៏បានបញ្ជាក់ឲ្យដឹងពីមូលហេតុដែលលោកសម្រេចចិត្តបោះទុនរួមគ្នាជាមួយលោកឧកញ៉ា ឡេង ណាវ៉ាត្រា រហូតដល់ជាង៥លានដុល្លារ លើគម្រោងអចលនទ្រព្យនៅផ្សារព្រៃទទឹងនោះផងដែរ។
លោកព្រាប សុវត្ថិ បានបញ្ជាក់ថា «ហេតុផលនៃការបោះទុនរួមគ្នានោះ គឺដោយសារតែលោក ឡេង ណាវ៉ាត្រា ជាបុគ្គលមានការតស៊ូគួរអោយសរសើរ ជាបុគ្គលជោគជ័យ និងជាបុគ្គល ដែលបានទទួលនូវការគោរពជាច្រើនពីសំណាក់មហាជន ដោយសារតែគាត់ជាអ្នកជំនួញមានគុណធម៌ និងមានទឹកចិត្តសប្បុរស តាមរយៈកិច្ចការបរិច្ចាគរាប់មិនអស់។ ក្នុងនោះខ្ញុំក៏ចង់ជោគជ័យក្នុងជំនួញដីធ្លី ឲ្យខ្លាំងដូចគ្នានឹងលោកឡេង ណាវ៉ាត្រា ផងដែរ ទើបខ្ញុំប្រើពេលសិក្សាពីការចាប់ដៃ និងបានស្វែងរកដីធ្លីយ៉ាងលំបាក ទម្រាំរកបានដីមួយប្លង់ធំទំហ៊ំជាង១៣ហិកតារ នៅទីប្រជុំជនផ្សារព្រៃទទឹង លើផ្លូវជាតិលេខ៣ ដែលមានចម្ងាយតែប្រមាណជា១១គីឡូពីរង្វង់ចោមចៅ ដើម្បីបើកលក់រួមគ្នា»។
ដីដែលបានប្រើទុនរួមគ្នា ហើយជាគម្រោងបើកឆាកជាមួយលោកឡេង ណាវ៉ាត្រា នេះ មិនត្រឹមតែចំប្លង់ និងជាដីល្អនៅទីប្រជុំជននោះទេ ប៉ុន្តែតម្លៃក៏សមរម្យ ត្រឹមតែ ៣៩០០ដុល្លារ ហើយថែមទាំងប្រកាសផ្ដល់ជូនម៉ូតូមួយគ្រឿងថែមទៀតផង ប្រសិនបើទិញត្រឹមរយៈពេល១៥ថ្ងៃ រាប់ពីថ្ងៃសន្និសីទនេះទៅ។
យ៉ាងណាមិញ លោក ព្រាប សុវត្ថិ រំពឹងយ៉ាងខ្លាំងថាជំនួញដីធ្លីរួមគ្នាជាមួយលោក ឡេង ណាវ៉ាត្រា នឹងទទួលជោគជ័យ ខណៈដែលលោកប្រកាសថា អ្នកទិញដីឡូតិ៍ក្នុងគម្រោងរបស់លោកមិនបាច់ភ័យបារម្ភពីភាពច្បាស់លាស់ ព្រោះតែលោកមិនធ្វើជំនួញលក់ឈ្មោះដែលខំសាងអស់ជាង២០ឆ្នាំ ក្នុងនាមជាតារាចម្រៀងម្នាក់នោះឡើយ។
ដោយឡែក លោកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបញ្ជាក់ផងដែរថា ការពិតតម្លៃដែលបានប្រកាសលក់ក្នុងគម្រោងដីឡូតិ៍នៅតំបន់ព្រៃទទឹងនោះគឺទាបណាស់ទៅហើយ ប៉ុន្តែដោយសារតែលោកចង់អោយមានការចាប់អារម្មណ៍ពីគម្រោងបណ្ដាក់ទុនរួមគ្នាលើកដំបូងរវាងលោក និងលោក ព្រាប សុវត្ថិ ទើបលោកសម្រេចបន្ថែមម៉ូតូមួយគ្រឿងទៅទៀត ដែលអាចនិយាយបានថាគម្រោងដីឡូតិ៍មួយនេះ គឺលោក និងលោកព្រាប សុវត្ថិ នឹងលក់ឲ្យទាបបំផុត ដើម្បីអបអរ ការចាប់ដៃរបស់លោក ព្រាប សុវត្ថិ ក្នុងគម្រោងអចនទ្រព្យជាមួយខ្លួន។
ម្ចាស់ផលិតកម្ម Galaxy លោក ឡេង ណាវ៉ាត់ត្រា បាននិយាយថា «គម្រោងបោះទុនរួមគ្នានេះ មិនមែនដោយសារតែខ្ញុំខ្វះដើមទុនក្នុងគម្រោងដីឡូតិ៍នៅផ្សារព្រៃទទឹងផ្លូវជាតិលេខ៣នោះទេ ប៉ុន្តែបណ្ដាលមកពីលោកព្រាប សុវត្ថិ គឺជាអាយដល ហើយ ដោយសារតែខ្ញុំយល់ថាវត្តមានរបស់ លោកព្រាប សុវត្ថិ ជាភាគហ៊ុន នឹងធ្វើឲ្យជំនួញដីឡូតិ៍មួយនេះ នឹងកាន់តែមានទំនុកចិត្ត និងកាន់តែមានទីផ្សារជាងមុន ទើបខ្ញុំសម្រេចចិត្តចាប់ដៃគូគ្នា»។
សូមជម្រាបថា ក្រៅពីគម្រោងទិញដីរួមគ្នាដើម្បីពុះឡូតិ៍ លោក និងលោក ព្រាប សុវត្ថិ ក៏ប្រកាសក្នុងកិច្ចព្រមព្រៀងថាសង់បុរីរួមគ្នា បន្ថែមពីលើគម្រោងទិញដីពុះឡូតិ៍នៅតំបន់ផ្សេងទៀត ផងដែរ៕