(កំពង់ចាម)៖ លោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ និងជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលកំពង់ចាម បានជម្រាបជូនប្រជាពលរដ្ឋ អំពីការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តជំរុញកំណែទម្រង់រដ្ឋស៊ីជម្រៅ និងទូលំទូលាយ ដោយផ្អែកលើគោលការណ៍អភិបាលកិច្ចល្អ ព្រមទាំងបានលើកទឹកចិត្តប្រជាពលរដ្ឋ រាយកាណ៍អំពីមន្ត្រីអសកម្មនៅមូលដ្ឋាន ដើម្បីគណបក្សចាត់វិធានការដាក់ពិន័យ ទៅតាមកំហុសជាក់ស្តែង។
បេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជារូបនេះ បានគូសបញ្ជាក់ដូច្នេះ នាឱកាសចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ដើម្បីស្វែងរកសម្លេងឆ្នោត នៅក្នុងស្រង៉ែ និងឃុំសូរ្យសែននៃស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨ ក្រោមវត្តមានចូលរួមពីអាជ្ញាធរមូលដ្ឋាន សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋប្រមាណជាង ៨០០នាក់។
«គណបក្សប្រជាជនកម្ពុជា សន្យាបន្តកែទម្រង់ររដ្ឋបាលសាធារណៈគ្រប់ជាន់ថ្នាក់ ឱ្យក្លាយទៅជារដ្ឋបាលទំនើប និងស្អាតស្អំរបស់ប្រជាជន ដើម្បីបម្រើផលប្រយោជន៍ប្រជាជន! យើងនឹងពង្រឹងភាពទទួលខុសត្រូវ និងដាក់ពិន័យមន្ត្រីអសកម្ម ដូច្នេះសូមបងប្អូនមេត្តារាយការណ៍ពីមន្ត្រីខិលខូច មកកាន់ខ្ញុំ ឬ ក្រុមការងារថ្នាក់កណ្តាល ដើម្បីយើងខ្ញុំដាក់ពិន័យគាត់ ទៅតាមកំហុសដែលប្រព្រឹត្តិ ហើយបើករណីធ្ងន់ធ្ងរ យើងខ្ញុំនឹងស្នើសុំគោលការណ៍ថ្នាក់លើ ដើម្បីវះកាត់ចោលតែម្តង!» លោក សូរស័ក្តិ បានបន្ថែម។
នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានជម្រាបជូនប្រជាពលរដ្ឋ និងសមាជិក-សមាជិកា អំពីអត្ថន័យ និងសារៈសំខាន់នៃគោលនយោបាយទាំង ១១ចំណុច របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០២៣ និងបានថ្លែងនូវសារនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានខ្លឹមសារផ្តោតសំខាន់លើសមិទ្ធផលចម្បងៗ និងស្នាដៃដឹកនាំរយៈពេល ៣៩ឆ្នាំ របស់គណបក្ស ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេស ចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម រហូតទទួលបានសុខសន្តិភាព វឌ្ឍនភាព និងកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ។
លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់សមាជិក សមាជិកាទាំងអស់ ដែលកន្លងមក បានជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងតែងផ្តល់យុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជា។ លើសពីនេះ លោក ប៉ាន សូរស័ក្តិ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសមាជិក-សមាជិកា នាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ និងជួយជំរុញចលនាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី២០ នៅលើសន្លឹកឆ្នោត ដើម្បីទទួលបានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៦ និងនីតិកាលបន្តបន្ទាប់ទៀត។
គួររំលឹកដែរថា ការរក្សាបានសន្តិភាព និងស្ថិរភាពនយោបាយរឹងមាំ គឺជាមូលដ្ឋានគ្រឹះសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ដែលបានប្រែក្លាយកម្ពុជា ពីប្រទេសក្រីក្រ មកជាប្រទេសមានចំណូលធម្យមកម្រិតទាប កាលពីឆ្នាំ២០១៦។ សម្រាប់អាណត្តិទី៦ ខាងមុខ គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តជំរុញប្រទេសកម្ពុជា ឲ្យទៅជាប្រទេសមានចំណូលធម្យមកម្រិតខ្ពស់ តាមរយៈការបន្តអនុវត្តន៍កំណែទម្រង់ស៊ីជម្រៅ និងទូលំទូលាយ រួមមាន៖ ច្បាប់ និងប្រព័ន្ធយុត្តិធម៌ រដ្ឋបាលសាធារណៈ វិមជ្ឈការ និងវិសហមជ្ឈការ ការគ្រប់គ្រងដីធ្លី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ព្រមទាំងវិស័យអទិភាពផ្សេងៗទៀត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព និងធានាបែងចែងកំណើនជូនប្រជាជន ប្រកបដោយសមធម៌៕