(ស្ទឹងត្រែង)៖ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញប្រកាសតែងតាំង ផ្លាស់ប្ដូរមុខងារ និងបំពាក់ឋានន្ដរស័ក្ដិ ចំនួន២០រូប និងប្រគល់ប័ណ្ណសរសើរ ចំនួន២០រូប ដល់នាយ នាយរងអាវុធហត្ថ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានបញ្ជាក់ថា អំឡុងមុនពេលថ្ងៃការឃោសនា ស្វែងរកសន្លឹកឆ្នោតរបស់គណបក្សនយោបាយ, ថ្ងៃប្រព្រឹត្តទៅនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត រហូតថ្ងៃរៀបចំប្រកាសរាជរដ្ឋាភិបាលថ្មី ស្របច្បាប់ជាផ្លូវការ កម្លាំងអាវុធហត្ថត្រូវចូលរួមការងារថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សារណៈឲ្យបានល្អប្រសើរ ស្ងប់សាត់ មានតម្លាភាព យុត្តិធម៌ គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ គ្មានអំពើហិង្សា។
ដោយមានការណែនាំពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្ដីទី និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍មេបញ្ជាការ ក៏បានជំរុញឲ្យកម្លាំងអាវុធហត្ថត្រូវត្រៀមខ្លួនជានិច្ច ទាំងសម្ភារ ទាំងមធ្យោបាយ ដើម្បីចេញអន្ដរាគមន៍ភ្លាមៗ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលជួបគ្រោះធម្មជាតិកើតឡើងជាយថាហេតុ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ក៏បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមកិច្ចប្រតិបត្តិការ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ នាពេលកន្លងមក សភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់សង្គម មានលក្ខណៈស្ងប់ស្អាត់ល្អប្រសើរ មិនមានបាតុភាពអ្វីកើតឡើង។
លោកមេបញ្ជាការ ក៏បានណែនាំដល់កម្លាំងទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញការងារ យកចិត្តទុកដាក់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរ ហើយត្រូវតែក្ដោបក្ដាប់សភាពការណ៍ក្នុងមូលដ្ឋានរបស់ខ្លួន ហើយប្រសិនមានសភាពការណ៍ ឬចលនាញុះញង់ណាមួយកើតឡើង ត្រូវតែរាយការណ៍ជូនថ្នាក់លើជាបន្ទាន់ផងដែរ ដើម្បីមានវិធានការណ៍៕