(ភ្នំពេញ)៖ នគរបាលខណ្ឌពោធិ៍សែនជ័យនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនបុរសដែលយកកាំបិតកាប់លើប្រពន្ធខ្លួនឯង ព្រោះតែប្រចណ្ឌ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហ៊ន រិទ្ធី អាយុ២៨ឆ្នាំ មានមុខរបរជាកម្មករសំណង់ និងមានស្រុកកំណើតនៅក្នុងភូមិព្រៃបឹង ឃុំវាលពន់ ស្រុកង្ពង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យរូបនេះ បានប្រើកាំបិតកាប់ចំក្បាលប្រពន្ធឈ្មោះ ត្រេន ពៅ អាយុ៣៣ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ HANSOM ដេរហែនសាំ បណ្តាលឲ្យរបួសធ្ងន់ធ្ងរ ។ក្នុងបន្ទប់ជួលមួយ ស្ថិតៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលរាជធានីភ្នំពេញ និងនគរបាលនៃស្នងការដ្ឋានខេត្តបាត់ដំបង បានចាប់ខ្លួនជនស្ង័យបាន កាលពីវេលាម៉ោង ១១៖២០នាទី ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅកន្លែងដែលជននេះលាក់ខ្លួនស្ថិតនៅក្នុងភូមិបួនជួរ ឃុំឃុំបឹងប្រិយ៍ ស្រុកបាណន់ ខេត្តបាត់ដំបង ហើយក៏បញ្ជូនមកកាន់អធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យវិញ ។
គួររំលឹកថា ហេតុការហិង្សាប្តីយកកាំបិតកាប់លើប្រពន្ធខ្លួនឯង ព្រោះរឿងភ្លើងប្រចណ្ឌនេះ បានកើតឡើងកាលពីវេលាម៉ោង១២៖៥០នាទី រសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ផ្ទះជួល នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ក្រោយពីធ្វើសកម្មភាពរួចមក ជនសង្ស័យបានរត់ទៅលាក់ខ្លួន នៅខេត្ដបាត់ដំបងអស់រយៈពេល១១ថ្ងៃ ទើបនគរបាលឃាត់ខ្លួនបានតែម្តង៕