(កោះកុង)៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ លោក កៅ ខុនដារ៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ស្រុកស្រែអំបិល បានជួបសំណេះសំណាលជាមួយ សមាជិក សមាជិការបក្ស បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង និងបង្ហាញបេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកោះកុង ដែលមានអ្នកចូលរួមជាង១២០០នាក់។
ក្នុងឱកាសនោះលោក កៅ ខុនដារ៉ា បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់បក្សមានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចក្រឡាហោម និងសម្តេចវិបុលសេនាភក្តី អនុប្រធានគណបក្ស។
ក្នុងឱកាសនោះដែរលោក កៅ ខុនដារ៉ា បានថ្លែងបន្តថា មានតែគណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តែមួយគត់ ដែលបានរួមរស់រួមសុខរួមទុក្ខជាមួយបងប្អូន ប្រជាពលរដ្ឋគ្រប់ពេលវេលាគ្រប់ទីកន្លែង ខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ មិនគិតពីការនឿយហត់ មិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ សាសនាអ្វីទាំងអស់ គឺធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋរស់នៅដោយសុខសាន្តសម្បូរសប្បាយ ជីវភាពធូរធាជាមួយនឹងសុខសន្តិភាព «ទីណាមានទុក្ខលំបាក ខ្វះខាត ទីនោះមានគណបក្សប្រជាជនកម្ពុជាជួយដោះស្រាយ» គណបក្សប្រជាជនកម្ពុជាយើងឈ្នះ គឺប្រជាពលរដ្ឋយើងឈ្នះ ប្រទេសជាតិយើងកាន់តែរីកចម្រើន។
ជាមួយគ្នានោះ លោក កៅ ខុនដារ៉ា ប្រធានក្រុមការងារ ថ្លែងអំណរគុណ និងបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំជ្រោយស្វាយទាំងអស់ទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា នៅថ្ងៃ២៩ ខែកក្កដា ខាងមុខ ដើម្បីសម្តេចតេជោ ហ៊ុន សែន ដឹកនាំរាជរដ្ឋាភិបាល បន្តអភិវឌ្ឍន៍ប្រទេសជាតិ លើកកំពស់ជីវភាពរស់នៅប្រកបដោយសុខសន្តិភាព និងភាពសុខុដុមរមនាជាបន្តទៀត៕