(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញប្រគល់ម៉ូតូ ដែលជាអំណោយរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់នីមួយៗទាំង៥០ក្នុងខេត្ត នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ងួន គឿន បានផ្តាំផ្ញើដល់អស់លោកមេប៉ុស្តិ៍ពេលទទួលបានម៉ូតូនេះ ត្រូវចេះថែរក្សាឲ្យបានល្អចេញល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន គ្រប់គ្រងសំដៅរក្សា ឲ្យបាននូវស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យបានល្អក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង។
ថ្លែងក្នុងឱកាសនោះលោក ថង សាវុន បានផ្តាំផ្ញើដល់មន្ត្រីនគរបាលប៉ុស្តិ៍ទាំងអស់ ត្រូវបំពេញតួនាទីថែរក្សាសណ្តាប់ធ្នាប់សន្តិសុខសាធារណៈបំពេញសេវាសាធារណៈជូនប្រជាពលរដ្ឋ, ការពាររាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេស ក្នុងពេលបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខឲ្យបានរលួន និងមិនមានអំពើហិង្សាកើតឡើង រហូតដល់ក្រោយពេលបោះ៣ខែ ពោលគឺរដ្ឋាភិបាលថ្មីកើតឡើង។
ជាងនេះទៅទៀតលោក ថង សាវុន សូមឲ្យពន្យល់ប្រជាពលរដ្ឋបន្ថែមឲ្យទៅចូលរួមបោះឆ្នោតទាំងអស់គ្នាកុំបីខានឡើយ។ តមកនៅព្រឹកថ្ងៃដដែលនេះ លោកថង សាវុន ប្រធានកិត្តិយសសមាគមអតីតយុទ្ធជន បានជួបសំណេះសំណាលជាមួយមន្ត្រីនគរបាល ដែលពួកគាត់ចូលនិវត្តព្រមទាំងបានណែនាំពួកគាត់ ពេលឈឺស្កាត់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយពុំគិតថ្លៃព្យាបាលឡើយ៕