(ភ្នំពេញ)៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានរិះគន់លើវិទ្យុអាស៊ីសេរី ដែលជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្រៅច្បាប់ថា ផ្សព្វផ្សាយព័ត៌មានគ្មានវិជ្ជាជីវៈ គ្មានមូលដ្ឋានពិតប្រាកដ ព្រោះគ្រាន់តែការបញ្ចេញមតិ ហួសដែនច្បាប់របស់ឈ្មោះ ស្ដើង ចិន្តា ដែលជាសន្តិសុខបន្លំខ្លួន ជាមេបញ្ជាការរងកងរាជអាវុធហត្ថក្រុងព្រះសីហនុសោះ ក៏យកមកផ្សាយបំប៉ោងបំពុលដល់មតិសាធារណៈដែរ។
ការប្រតិកម្មនឹងផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរីយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ នាព្រឹកថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីបកស្រាយពីករណីឃាត់ខ្លួនជនជាប់ចោទឈ្មោះ ស្ដើង ចិន្តា ដែលបន្លំតួនាទីជាមេបញ្ជាការរងអាវុធហត្ថក្រុងព្រះសីហនុ ដោយប្រើប្រាស់គណនី Facebook ឈ្មោះ «Sdeung Chenda GRK» ហើយបញ្ចេញមតិក្នុងបណ្ដាញសង្គម Facebook ជាច្រើនលើកច្រើនសារ បង្កឱ្យមានការភ័ន្តច្រឡំដល់មតិសាធារណៈ នាំឱ្យកើតមានបទល្មើសដែលមានចែងក្នុងច្បាប់។
ក្នុងសន្និសិទសារព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ពីបទល្មើសដែលជនជាប់ចោទឈ្មោះ ស្ដើង ចិន្តា បានប្រព្រឹត្តជាបន្តបន្ទាប់កន្លងមក ក្នុងនោះរួមមាន៖
ករណីទី១៖ បុគ្គលឈ្មោះ ស្ដើង ចិន្តា បានប្រើប្រាស់គណនី Facebook «Sdeung Chenda GRK» ដោយតាំងរូបក្នុងគណនី (Profile) ស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ ហើយបានបញ្ចេញយោបល់នៅក្នុងការ Live របស់គណនី Facebook «យមរាជ លោកីយ៍» ដោយបានអួតខ្លួនឯងថា ជាមន្ត្រីកងរាជអាវុធហត្ថ និងបញ្ចេញមតិ (Comment) ថា «សូមបងប្អូនកុំខ្លាច បងប្អូនទូទាំងប្រទេសអាណិតបងណាស់ ក្នុងនាមខ្ញុំជាមន្ត្រីអាវុធហត្ថមួយរូបដែរ ខ្ញុំគាំទ្របង និងផ្ដល់កម្លាំងចិត្តឱ្យបងតស៊ូដល់ទីបញ្ចប់ ព្រោះនឹងមានប្រជាជនរាប់លាននាក់គាំទ្រ និងចង់ឃើញបងមានសិទ្ធិសេរីភាព ទទួលបានយុត្តិធម៌, ស៊ូៗ»។
ករណីទី២៖ បុគ្គលឈ្មោះ ស្ដើង ចិន្តា បានប្រើប្រាស់គណនី «Sdeung Chenda GRK» ដដែលបាន Comment នៅក្នុង Post របស់គណនី Facebook ឈ្មោះ ផន ភិរុណ ថា «ខ្ញុំករុណអត់ស្គាល់ទេព្រះអង្គ ខ្ញុំមេបញ្ជាការរងខេត្តព្រះសីហនុតើ»។
ករណីទី៣៖ បុគ្គលឈ្មោះ ស្ដើង ចិន្តា បានប្រើប្រាស់គណនី Facebook ដដែល បាន Comment តបនឹងគណនី Facebook មួយទៀត ដែលកំពុង Live សន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងការឃាត់ខ្លួន ជនសង្ស័យឈ្មោះ សន សំនៀង (ម្ចាស់គណនី Facebook យមរាជ លោកីយ៍) កាលពីថ្ងៃទី១៨ ខែកក្កដា កន្លងទៅថា «អរគុណបង ខ្ញុំថាហើយគេមិនជឿទេ ពួកអាមន្ត្រីហ្នឹងនិយាយទេ ព្រោះគ្មានភស្តុតាងណាមួយមកបញ្ជាក់ឱ្យច្បាស់លាស់នោះទេ តែពួកវាអាងអំណាចធ្វើបាបគេឱ្យក្ដៅក្រហាយ»។ Comment មួយទៀតថា «បានឃើញហើយបង ការបកស្រាយរឿងហ្នឹង ខ្ញុំសូមច្រានចោលទាំងស្រុងហ្មង, អយុត្តិធម៌តែអយុត្តិធម៌ដដែល, ស្រុកខ្មែរ»។
អ្នកនាំពាក្យអាវុធហត្ថបានបន្តថា ក្រោយពីការបញ្ចេញមតិញុះញង់ទាំងបីប្រការខាងលើនេះហើយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានចេញសេចក្ដីប្រកាសឱ្យបុគ្គលឈ្មោះ ស្ដើង ចិន្តា នោះបញ្ឈប់សកម្មភាពរបស់ខ្លួនដែរ ប៉ុន្តែជនសង្ស័យមិនព្រមបញ្ឈប់ឡើយ ទើបកម្លាំងសមត្ថកិច្ចបានចុះឃាត់ខ្លួនបាននៅខេត្តព្រះសីហនុតែម្ដង។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា ក្រោយបានឃើញ Comment របស់គណនីឈ្មោះ «Sdeung Chenda GRK» ដែលបញ្ចេញមតិលើការ Live របស់គណនី Facebook «យមរាជ លោកីយ៍» រួចមក វិទ្យុអាស៊ីសេរីក៏បានយក Comment មកផ្សាយព័ត៌មានតែម្ដង ទាំងដែលមិនបានដឹងព័ត៌មានច្បាស់លាស់ថា ម្ចាស់គណនី Facebook «Sdeung Chenda GRK» ជាមន្ត្រីអាវុធហត្ថពិតប្រាកដឬអត់។
អ្នកនាំពាក្យដដែលបានថ្លែងយ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងវិទ្យុអាស៊ីសេរី យើងឃើញថា នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ វិទ្យុអាស៊ីសេរីបានផ្សព្វផ្សាយព័ត៌មានថា ក្រោយពីអតីតមន្ត្រីអាវុធហត្ថ លោក សន សំនៀង បង្ហោះសារតាមបណ្ដេញសង្គម គេឃើញមានមន្ត្រីអាវុធហត្ថមួយចំនួនបានបញ្ចេញមតិនៅក្នុងប្រអប់សារ អាណិតអាសូរដល់អតីតមន្ត្រីអាវុធហត្ថរូបនេះ ម្ចាស់គណនីឈ្មោះ «Sdeung Chenda GRK» គឺបាន Comment ថា សូមបងប្អូនកុំខ្លាច បងប្អូនទូទាំងប្រទេសអាណិតបងណាស់ ក្នុងនាមខ្ញុំជាមន្ត្រីអាវុធហត្ថមួយរូបដែរ ខ្ញុំគាំទ្របង និងផ្ដល់កម្លាំងចិត្តឱ្យបងតស៊ូដល់ទីបញ្ចប់ ព្រោះនឹងមានប្រជាជនរាប់លាននាក់គាំទ្រ និងចង់ឃើញបងមានសិទ្ធិសេរីភាព ទទួលបានយុត្តិធម៌»។ ការផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរីយ៉ាងដូច្នេះ គឺដកស្រង់មតិរបស់គណនី «Sdeung Chenda GRK» ដែល Comment នៅក្នុងករណីទី១។
លោកបានរិះគន់ថា វិទ្យុអាស៊ីសេរីគ្រាន់តែយក Comment ទាំងនោះមក ហើយផ្សាយជាសាធារណៈនាំឱ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំ ដោយគ្មានការសួរនាំឱ្យបានច្បាស់លាស់មកកងរាជអាវុធ ថាបុគ្គលឈ្មោះ ស្ដើង ចិន្តា ជាមន្ត្រីអាវុធហត្ថពិតប្រាកដ ឬជាអ្នកណាទេ។
សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ ស្ដើង ចិន្តា មានអាយុ៣០ឆ្នាំ និងមានមុខរបរជាសន្តិសុខ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងបានបញ្ជូនទៅតុលាការនៅថ្ងៃទី២២ ខែកក្កដា។ មកដល់ពេលនេះ ចៅក្រមស៊ើបសួរបានចេញដីកាឱ្យឃុំខ្លួនជាបណ្ដោះអាសន្ន។
បុគ្គលឈ្មោះ ស្ដើង ចិន្តា មិនមែនជាមន្ត្រីអាវុធដូចរូបគេបាន Comment នោះទេ ដោយលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានអះអាងថា គ្រប់មន្ត្រីអាវុធហត្ថទាំងអស់សុទ្ធតែទទួលបានការអប់រំច្បាប់ទម្លាប់ ក្រមសីលធម៌ ក៏ដូចជាការបញ្ចេញមតិបានយ៉ាងត្រឹមត្រូវ។ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលចង់បញ្ចេញមតិ នៅលើបណ្ដាញសង្គម Facebook ឬបណ្ដាញទំនាក់ទំនងដទៃទៀត សូមមានការគោរពច្បាប់ទាំងអស់គ្នា ជៀសវាងការបញ្ចេញមតិហួសរង្វង់ច្បាប់៕