(កំពង់ឆ្នាំង)៖ កាលពីចុងសប្ដាហ៍នេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំកម្មវិធី សប្បុរសធម៌ «កាតាបនៃក្តីសង្ឃឹម» លើកទី២ ដើម្បីចែករំលែកសម្ភារសិក្សាជូនសិស្សានុសិស្សដែលជួបការខ្វះខាត នៅសាលាបឋមសិក្សា ត្រពាំងថ្ម ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ខណៈដែលលើកទី១ ក្រុមហ៊ុនបានរៀបចំកម្មវិធីឡើង នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ ក្នុងខេត្តកំពត និងខេត្តតាកែវ។
កម្មវិធីលើកទី២ នេះមានកាអញ្ជើញចូលរួមពីលោក វន ស៊ីថា អភិបាលរងស្រុកសាមគ្គីមានជ័យ លោកអ៊ុក វីឡា នាយកធនធានមនុស្ស នៃក្រុមហ៊ុន ប៉េង ហួត គ្រុប ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបុគ្គលិក ក្រុមហ៊ុន ប៉េង ហួត គ្រុប ផងដែរ។
លោក អ៊ុក វីឡា នាយកធនធានមនុស្ស នៃក្រុមហ៊ុន ប៉េង ហួត គ្រុប បានថ្លែងថា «ក្រុមហ៊ុន ប៉េង ហួត គ្រុប មានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការចូលរួមក្នុងកម្មវិធីចែករំលែកកាតាបនៃក្តីសង្ឃឹម របស់កុមារដល់សិស្សានុសិស្ស សាលាសាលាបឋមសិក្សាត្រពាំងថ្ម នាពេលនេះ»។
លោកបានបន្តទៀថា «សិស្សានុសិស្សគឺជាទំពាំងស្នងឬស្សី ជាធនធានដ៏សំខាន់ ជាក្ដីសង្ឃឹមសំរាប់ក្រុមគ្រួសារនិងប្រទេសជាតិ ខ្ញុំសម្លឹងឃើញនូវសក្តានុពលជាអ្នកដឹកនាំប្រទេសជាតិ ជាអគ្គនាយកក្រុមហ៊ុនឯកជន ជាវេជ្ជបណ្ឌិត វិស្វករឬស្ថាបត្យករ និងជាពិសេសជាសាស្ត្រាចារ្យ និងលោកគ្រូអ្នកគ្រូនាពេលអនាគត។ ទោះបី ចង់ក្លាយជាអ្នកដឹកនាំប្រទេសឬជាសាស្ត្រាចារ្យ ប្អូនៗក្មួយៗត្រូវខិតខំប្រឹងប្រែងពីពេលនេះទៅ ពីព្រោះការខិតខំប្រឹងប្រែង តស៊ូ និងអំណត់អត់ធន ជាឬសគល់នៃភាពជោគជ័យ កុំគិតថាដោយសារគ្រួសារក្រីក្រ ប្រហែលជាមិនអាចសម្រេចក្ដីស្រមៃ ដែលចង់ក្លាយជាសាស្ត្រាចារ្យឬជាវិស្វករបានទេ» ។
លោកបានបន្តផ្តាំផ្ញើក្មួយៗ កុំអស់សង្ឃឹម មានបុគ្គលជោគជ័យ មហាសេដ្ឋី ថ្នាក់ដឹកនាំច្រើនណាស់ដែលធ្លាប់ឆ្លងកាត់ភាពក្រីក្រ។ ថ្នាក់ដឹកនាំ និងបុគ្គលិកជាន់ខ្ពស់ របស់ក្រុមហ៊ុន ប៉េងហួត គ្រុប ជាច្រើនក៏ធ្លាប់ចេញពីក្រុមគ្រួសារក្រីក្រដែរ តែអ្វីដែលសំខាន់គឺ យើងមិនបោះបង់ក្តីសង្ឃឹម ការប្តេជ្ញាចិត្ត ការតស៊ូ និងជាពិសេស គឺការចែករំលែក ។
លោក វន ស៊ីថា អភិបាលរងស្រុកសាមគ្គីមានជ័យ បានថ្លែងក្នុងឱកាសនេះផងដែរថា «ខ្ញុំបាទពិតជាមានសេចក្តីសោមមនស្សរីករាយយ៉ាងក្រៃលែង ចំពោះថ្ងៃនេះ ដែលក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំកម្មវីធីប្រគល់សម្ភារសិក្សា ដល់សិស្សានុសិស្សសាលាបឋមសិក្សាត្រពាំងថ្ម ស្រុកសាមគ្គីមានជ័យ»។
លោកបានបន្តទៀតថា «កិច្ចការងាររដ្ឋមួយចំនួន ដែលអាចប្រព្រឹត្តទៅបាន ដោយមានការជួយជ្រោមជ្រែងពីវិស័យឯកជន តួយ៉ាងដូច កម្មវីធីប្រគល់សម្ភារសិក្សា ជូនដល់សិស្សានុសិស្ស នាថ្ងៃនេះ អ៊ីចឹង ដែលក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំឡើងយ៉ាងដូច្នេះដែរ។ ខ្ញុំសូមកោតសរសើរចំពោះក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាស្ថាប័នឯកជនមួយ ជានិច្ចកាលតែងតែគាំទ្រ ជួយមកដល់សង្គមវិញ រួមមានការសាងសង់សាលារៀន ផ្លូវថ្នល់ ព្រះវិហារ ជាដើម ដែលសកម្មភាពទាំងនេះបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍសង្គមជាតិ»។
ជាចុងក្រោយលោកអភិបាលរងស្រុក សូមថ្លែងអំណរគុណ និង សម្តែងនូវគាវរកិច្ចគោរពស្វាគមន៍យ៉ាងកក់ក្តៅ ដល់តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប និងសហការីទាំងអស់ ចំពោះវត្តមាននាថ្ងៃនេះ ព្រមទាំងសូមប្រសិទ្ធិពរជ័យសិរីមង្គលវិបុលសុខគ្រប់ប្រការ សុខភាពបរិបូរណ៍ និងសម្រេចជោគជ័យលើគ្រប់ភារកិច្ចការងារផងដែរ។
ឆ្លៀតក្នុងឱកាសនេះផងដែរ សិស្សានុសិស្ស នៃសាលាបឋមសិក្សា ត្រពាំងថ្ម រួមគ្នាជាក្រុមសម្តែងបទចម្រៀងមួយបទ ដើម្បីជាកិច្ចថ្លែងអំណរគុណ ដល់ភ្ញៀវកិត្តិយស និងគណអធិបតី ទស្សនាកំសាន្ត ព្រមទាំងមានការបង្កើតកម្មវិធីសប្បាយៗ ពីបុគ្គលិក របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដល់សិស្សានុសិស្ស ដូចជាកម្មវិធីផាត់រូបភាព និងថតរូបកំសាន្ត ផងដែរ ។
បន្ទាប់មកកម្មវិធីចែកកាតាប និងសម្ភារសិក្សា ជូនដល់សិស្សានុសិស្ស ពីសំណាក់លោកអ៊ុក វីឡា នាយកធនធានមនុស្ស ក្រុមហ៊ុន ប៉េង ហួត គ្រុប ជូនដល់សិស្សឆ្នើម ១៥រូប ព្រមគ្នាជាមួយនឹងក្រុមការងារ ក៏បានចាប់ផ្តើមចែកកាតាបនិងសម្ភារៈដល់សិស្សានុសិស្សចំនួន៦២៨នាក់ ប្រកបដោយទឹកមុខសប្បាយរីករាយ ស្រស់ស្រាយ និង ស្និទស្នាលបំផុត។
កម្មវិធីសប្បុរសធម៌ដែលបានប្រារព្ធឡើងនេះ ស្តែងចេញឲ្យឃើញ ពីសកម្មភាពមនុស្សធម៌ លើវិស័យអប់រំ ដែលគាំទ្រដល់កុមារ ក្នុងការសិក្សា ដើម្បីឲ្យក្លាយជាសសរទ្រូងនៃប្រទេសជាតិទៅថ្ងៃអនាគត ព្រមទាំអជំរុញក្តីសង្ឃឹម និងលើកទឹកចិត្ត ពួកគេឲ្យខិតខំរៀនសូត្របន្ថែមទៀត ដែលស្របទៅនឹងទស្សនវិស័យ របស់ថ្នាក់ដឹកនាំ ក្នុងការអភិវឌ្ឍធនធានមនុស្សឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ៕