(កំពត)៖ លោកបណ្ឌិត ប៉ែន ស៊ីម៉ន ទេសរដ្ឋមន្រ្តី និងជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក ជាវ តាយ អភិបាលខេត្តកំពត នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ បានធ្វើពិធីប្រគេនទៀនវស្សាទេយ្យវត្ថុ និងសម្ភារសម្រាប់ព្រះសង្ឃ គង់ចាំព្រះវស្សាដែលនិមន្តមកពីវត្តនានាទូទាំងខេត្តកំពតចំនួន២៦៣វត្ត នៅឯសាលាខេត្តកំពត។ ពិធីនេះដែរមានវត្តមាន ចូលរួមពីព្រះមេគុណខេត្ត និងតំណាងទាំងពីរគណៈក្នុងខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋជាច្រើនអង្គ/នាក់ផងដែរ។
ក្នុងពិធីប្រគេនទានវស្សានេះលោក ប៉ែន ស៊ីម៉ន ក៏បានឆ្លៀតឱកាស អំពាវនាវប្រាប់ប្រជាពលរដ្ឋត្រូវត្រៀមខ្លួន និងឯកសារឱ្យបានគ្រប់គ្រាន់ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ហើយសូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីសន្តិភាព និងប្រជាធិបតេយ្យ។
លោក ប៉ែន ស៊ីម៉ន ក៏បានថ្លែងកោតសរសើរចំពោះ រដ្ឋបាលខេត្តកំពតដែលមានលោក ជាវ តាយ ជាអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរអង្គភាពជុំវិញខេត្តរួមពុទ្ធបរិស័ទសប្បុរសជន ដែលបានរួមគ្នាផ្ដើមធ្វើនូវកម្មពិធីនាពេលនេះឡើង ដោយលោកបានចាត់ទុកថា នេះគឺជាបុណ្យកុសលដែលពុទ្ធបរិស័ទខែ្មរយើង តែងមានជំនឿ និងធ្វើទៅតាមទំនៀមទំលាប់ប្រពៃណីនៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដ៏រុងរឿងនៃយើង ជារៀងរាល់ឆ្នាំពុំដែលខាន ដើម្បីសំដៅជួយផ្គត់ផ្គង់សម្រាលការលំបាកដល់ជីវភាពរបស់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងរយៈ៣ខែតាមពុទ្ធបញ្ញត្តិ។
លោកបានលើកឡើងបន្តទៀតថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាយើង ក្រោមការដឹកនាំលើផ្លូវត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន វិស័យពុទ្ធចក្រមានការរីកចម្រើនគួរឱ្យកត់ សម្គាល់ ហើយវិស័យពុទ្ធចក្រនេះរុងរឿងទៅបាន ដោយសារវិស័យអាណាចក្រ ហើយអាណាចក្ររុងរឿងទៅបានដោយសារសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍ និងមានប្រជាធិបតេយ្យ។
ក្នុងការប្រគេនទេយ្យវត្ថុ និងសម្ភារដែលបានប្រគេនសម្រាប់ព្រះសង្ឃទាំង២៦៣វត្ត ក្នុងមួយវត្តមានទៀនវស្សា១គូរ អង្ករ២៥គីឡូ ទឹកក្រូច១កេះ ទឹកសុទ្ធ១កេះ និងបច្ច័យ
១០ម៉ឺនរៀល។ ដោយឡែកលោកបណ្ឌិត ប៉ែន ស៊ីម៉ន ផ្ទាល់ក៏បានចូលរួមជាបច្ច័យចំនួន១០លានរៀលផងដែរ៕