(កណ្ដាល)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់វិធានការភ្លាមៗ ដោយបញ្ជូនមន្ដ្រីជំនាញចុះពិនិត្យ និងលុបឆ្នូតរំញ័រនៅតាមបណ្ដោយផ្លូវជាតិលេខ១ មុខសាលាបឋមសិក្សា ហ៊ុន សែន ស្លាកែត ស្ថិតក្នុងភូមិស្លាកែត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
យោងតាមទំព័រ Facebook ផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ការលុបឆ្នូតរំញ័រនេះ បានធ្វើឡើងបន្ទាប់ពីទទួលបានសំណូមពរពី ប្រជាពលរដ្ឋមូលដ្ឋានថា ឆ្នូតរំញ័រនេះបានរំខានដល់ពលរដ្ឋ និងសិស្សានុសិស្ស។
ក្រសួងសាធារណការ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋយើង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចាត់វិធានការភ្លាមៗ ដោយបញ្ជូនមន្ត្រីជំនាញ ចុះពិនិត្យ និងលុបឆ្នូតរំញ័រ នៅតាមបណ្តោយផ្លូវជាតិលេខ០១ ត្រង់ចំណុចមុខសាលាបឋមសិក្សា ហ៊ុន សែន ស្លាកែត និងទីតាំងមួយចំនួនទៀត សំដៅកាត់បន្ថយសម្លេងរំខាន ដល់សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនោះ»។
ទន្ទឹមនឹងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់ អ្នករស់នៅតាមបណ្តោយផ្លូវសាធារណៈ មានការប្រុងប្រយ័ត្ន ក្នុងការពេលដើរឆ្លងកាត់ទ្រូងផ្លូវ និងសូមអ្នកបើកបរ ត្រូវបើកបរ ប្រកបដោយការប្រុងប្រយ័ត្ន និងទំនួលខុសត្រូវខ្ពស់។
យ៉ាងណាមិញ ពាក់ព័ន្ធរឿងឆ្នូតរំញ័រនេះ ប្រជាពលរដ្ឋនៅម្ដុំស្តុបកាកប្រហមខេត្តកណ្តាល (ផ្លូវ១១៥ ឡើងទៅស្ពានព្រែកសំរោង) ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ក៏ស្នើក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យគំនូសកាត់ទទឹងផ្លូវដែលមានកម្រាសក្រាស់ៗ ហើយពេលមានឡានធំបើកកាត់ម្តងៗ មានសំឡេងរំខាងខ្លាំងណាស់ ជាពិសេសរំជួយផ្ទះរបស់ពួកគាត់។
បើតាមប្រជាពលរដ្ឋ ពួកគាត់ធ្លាប់បានស្នើជាច្រើនដងហើយ ប៉ុន្ដែមិនទាន់មានចំណាត់ការណាមួយសមស្របនោះទេ ដូច្នេះក្រោយឃើញចំណាត់ការ របស់លោករដ្ឋមន្ដ្រី ដ៏មានប្រសិទ្ធភាពនៅផ្លូវជាតិលេខ១ ពួកគាត់ចង់បាននូវចំណាត់ការដូចគ្នានេះដែរ ព្រោះបច្ចុប្បន្នពួកគាត់ ក៏កំពុងជួបការរំខានដោយសំឡេងខ្លាំងៗដូចគ្នា។
ប៉ុន្ដែករណីនេះត្រូវបានលោក ម៉ឹង យូរឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ប្រាប់អ្នកកាសែតថា គ្មានដំណោះស្រាយនោះទេ ពោលកំហុសមកពីប្រជាពលរដ្ឋ សាងសង់ផ្ទះនៅក្បែរផ្លូវ ហើយប្រសិនមិនចង់ឲ្យលឺសំឡេងរំខានត្រូវធ្វើផ្ទះថយទៅក្រោយ ឬធ្វើបង្អួចដាក់កញ្ចប់ឲ្យក្រាស់ៗ ទៅលែងលឺរំខានហើយ។ មួយវិញទៀត លោកប្រធានមន្ទីរសាធារណការ បែរចោទជាសំណួរមកអ្នកសារព័ត៌មានថា តើគួរឲ្យគាត់ធ្វើយ៉ាងមិញលើករណីនេះ?។
លោក ម៉ឹង យូរឡេង បានថ្លែងប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទយ៉ាងដូច្នេះថា «ផ្លូវនេះមានកំណាត់ខ្លីហើយកាត់ទីប្រជុំជន ចឹងគេរកមធ្យោបាយធ្វើយ៉ាងមិច ដើម្បីកុំឲ្យឡានបើកលឿនពេក។ ហើយប្រជាជនមិនគួរមកនៅជាប់ផ្លូវហ្នឹងទេ គួរសង់ផ្ទះឲ្យឆ្ងាយពីផ្លូវបន្ដិចលែងរំខានហើយ គាត់យកដីចំណីផ្លូវធ្វើផ្ទះហើយឲ្យយើងធ្វើយ៉ាងមិច»។
ឆ្លើយនឹងសំណួរថា តើមន្ទីរនឹងត្រូវមានដំណោះស្រាយយ៉ាងមិចលើបញ្ហានេះ? លោកប្រធានមន្ទីរសាធារណការរូបនេះ បានឆ្លើយមកវិញថា «ដោះរបៀបមិចទៅអូនឯងជួយប្រាប់បងមើល! មើលអូនឯងជាអ្នកបច្ចេកទេសដូចបងអត់ ហើយឈូសអាហ្នឹងចេញ ឡានបើកម៉ាទំហឹងកិនមនុស្សងាប់ តែបើទុកអាហ្នឹងមកឡានគាត់បន្ថយល្បឿន លូវយកអាមួយណា យើងគ្មានអ្វីល្អជាងហ្នឹងទេ»។
ជាមួយគ្នានេះ លោក ម៉ឹង យូរឡេង ក៏បានឲ្យដំបូន្មានដល់ប្រជាពលរដ្ឋថា ដើម្បីកុំឲ្យលឺសំឡេងរំខានខ្លាំង ត្រូវតែបិទបង្អួចផ្ទះឲ្យជិតៗ ឬត្រូវដូរបង្អួចស្ដង់ដាដែលបិទឲ្យជិត ហើយប្រើកញ្ចក់ឲ្យក្រាស់បន្ដិចទៅលែងលឺរំខានហើយ ព្រោះថាយើងមិនអាចទៅរុះរើដើម្បីតម្រូវផ្ទះពលរដ្ឋមួយគ្រួសារ ឬពីរគ្រួសារបាននោះទេ៕