(មណ្ឌលគិរី)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញប្រគល់ម៉ូតូ ដែលជាអំណោយរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់នីមួយៗទាំង២១ក្នុងខេត្ត នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា នេះជាលើកទី៤ហើយ ដែលក្រសួងមហាផ្ទៃ បានប្រគល់របបម៉ូតូបន្ថែម ពីលើរបបសាំង និងថវិកាប្រចាំត្រីមាស ដែលក្រសួងបានផ្ដល់ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ-សង្កាត់ នៅទូទាំងប្រទេស ក៏ដូចជា ក្នុងខេត្តមណ្ឌលគិរី សម្រាប់បម្រើឲ្យកិច្ចប្រតិបត្តិការរក្សាសន្តិសុខជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកស្នងការនគរបាលខេត្ត បានជម្រុញឲ្យកងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវយកចិត្តទុកដាក់បង្រ្កាបបទល្មើសផ្សេងៗឲ្យមានប្រសិទ្ធភាព ពិសេសការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំនុច។
ថ្លែងក្នុងឱកាសនោះលោក ស្វាយ សំអ៊ាង បានបញ្ជាក់ថា របបម៉ូតូនៅទីនេះ បានបង្ហាញឲ្យឃើញពីការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ក្រសួងមហាផ្ទៃ ជាពិសេសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលលោកតែងតែគិតគូរពីសុខទុក្ខ និងសេចក្ដីត្រូវការរបស់កងកម្លាំងនគរបាលទាំងអស់ទូទាំងប្រទេស ហើយការប្រគល់ម៉ូតូនេះ គោលបំណងបង្កលក្ខណៈ កាន់តែងាយស្រួល ដល់បងប្អូនកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រើប្រាស់សម្រាប់ ជាមធ្យោបាយក្នុងការបំពេញប្រតិបត្តិការការងារ កាន់តែមានភាពឆ្លើយតប អន្តរាគមន៍បានទាន់ពេលវេលា ចំពោះរាល់គ្រប់សភាពការណ៍ ដែលបានកើតឡើង ជាក់ស្ដែងនៅមូលដ្ឋាន។
លោកអភិបាលខេត្តសង្កត់ធ្ងន់ថា ឆ្លើយតបទៅនឹងការគិតគូរយកចិត្តទុកដាក់នេះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវយកម៉ូតូទៅប្រើប្រាស់ ឲ្យបានចំទិសដៅបម្រើឲ្យផលប្រយោជន៍រួម ផលប្រយោជន៍របស់ប្រជាពលរដ្ឋទូទៅ និងសង្គម ចៀសវាងឲ្យបាននូវការយកមធ្យោបាយនេះ ទៅប្រើប្រាស់ខុសគោលដៅ បម្រើឲ្យផលប្រយោជន៍បុគ្គល ព្រមទាំងថែរក្សាឲ្យបានគង់វង្សយូរអង្វែង។
បន្ថែមពីនេះ លោកអភិបាលខេត្តមណ្ឌលគិរី ក៏បានផ្ដាំផ្ញើដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវបង្កើនការប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅមូលដ្ឋានឲ្យបានកាន់តែសកម្ម និងល្អប្រសើរថែមទៀត ដើម្បីផ្ដល់ភាពកក់ក្ដៅ និងបង្កើននូវជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ត្រៀមអនុវត្តតាមបទបញ្ជាថ្នាក់លើគ្រប់ពេលវេលា យកចិត្តទុកដាក់អនុវត្តតាមការណែនាំ ចង្អុលបង្ហាញ តម្រង់ទិសរបស់ប្រធានអង្គភាព និងគណៈបញ្ជាការឯកភាពរដ្ឋបាលឲ្យបានម៉ឺងម៉ាត់ និងបន្តការការពារសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់ ដល់ដំណើរការបោះឆ្នោតទាំងមូលឲ្យបានល្អប្រសើរ ពិសេសត្រូវការពារការិយាល័យបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការដឹកជញ្ជូនសន្លឹកឆ្នោត ព្រមទាំងត្រូវទប់ស្កាត់ឲ្យបានកុំឲ្យមានជាដាច់ខាត ចំពោះរាល់សកម្មភាពដែលបង្កភាពអនាធិបតេយ្យ ដល់ការិយាល័យបោះឆ្នោត ហើយត្រូវចាត់វិធានការតាមច្បាប់ឲ្យបានតឹងរឹងលើសកម្មភាពទាំងឡាយណា ដែលរារាំងដល់ដំណើរការបោះឆ្នោត។
ជាមួយគ្នានេះផងដែរ លោកអភិបាលខេត្តលោក ស្វាយ សំអ៊ាង បានឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីនូវប្រេងសាំងមួយចំនួន សម្រាប់ប៉ុស្តិ៍ទាំង២១ ដើម្បីប្រើប្រាស់តាមត្រូវការ៕