(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨ សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលដល់អ្នកសង្កេតការណ៍ជាតិ ដែលជានិស្សិតនៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសទូទាំងប្រទេស ក្រោមអធិបតីភាពរបស់លោក សាន វិសាល អគ្គលេខាធិការ សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា និងលោក សាត់ សុវណ្ណ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងអប់រំអ្នកបោះឆ្នោត គ.ជ.ប.។
អ្នកសង្កេតការណ៍ជាតិដែលបានត្រូវបណ្តុះបណ្តាលនាពេលនេះ គឺដើម្បីចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ ក្រោមប្រធានបទ កែវភ្នែកយុត្តិធម៌ ដែលនឹងចូលរួមសង្កេតការណ៍នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា។ ក្រោយពីបានស្តាប់របាយការណ៍សង្ខេបរបស់លោក សាខុន ប៉ូរិន អ្នកសម្របសម្រួលការងារសង្កេតការណ៍ជាតិ របស់សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា អ្នកសង្កេតការណ៍សរុបរបស់សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា មានចំនួន ៤,២៩៥នាក់ ស្រី២,៤៣៨នាក់។
លោក សាន វិសាល អគ្គលេខាធិការ សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា បានមានប្រសាសន៍សំណេះសំណាលដល់ប្អូនៗដែលជាអ្នកសង្កេតការណ៍ជាតិ សូមឱ្យយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលនាពេលថ្ងៃនេះឱ្យបានច្បាស់លាស់ ដើម្បីយកទៅអនុវត្តនៅថ្ងៃបោះឆ្នោតប្រកបដោយប្រសិទ្ធភាព៕