(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី, លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ រួមជាមួយមន្ត្រីក្រោមឱវាទ និងអាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ បាននាំយកទៀនវស្សា ប្រេងឥន្ធនៈ អង្ករ បច្ច័យ និងទេយ្យវត្តមួយចំនួន ទៅប្រគេនដល់ព្រះសង្ឃគង់នៅក្នុងវត្តចំនួន១៨ នៅក្នុងខណ្ឌព្រែកព្នៅ។
ទៀនវស្សា ប្រេងកាត និងទេយ្យវត្តមួយចំនួន ដែលបានប្រគេនដល់ព្រះសង្ឃគង់នៅក្នុងវត្តចំនួន១៨នេះ ក្នុងមួយវត្តៗ ទទួលបានបច្ច័យ១០ម៉ឺនរៀល ទៀនវស្សា១គូ សាដក១កញ្ចប់ អង្ករ ចំនួន១០០គីឡូក្រាម ប្រេងមួយកាន ចំណុះ៣០លីត្រ ស្ករស១បាវទំងន់២៥គីឡួក្រាម ទឹកដោះគោចំនួន១កេស ៤៨កំប៉ុង ទឹកក្រូច២កេស ទឹកបរិសុទ្ធ២កេស មី២កេស។
ពាក់ព័ន្ធនឹងបុណ្យចូលកាន់ព្រះវស្សា នឹងត្រូវធ្វើឡើងក្នុងរយៈពេល៣ខែ ហើយក្នុងរយៈពេលនេះព្រះសង្ឃគ្រប់អង្គ ត្រូវការភ្លើងបំភ្លឺ ដើម្បីសិក្សារៀនសូត្រខាងព្រះពុទ្ធសាសនា ហើយត្រូវការទេយ្យវត្ថុផ្សេងៗ សម្រាប់ផ្គត់ផ្គង់តាមវត្តនីមួយៗ ព្រោះរយៈពេលចូលវស្សា គឺជារដូវភ្លៀង ព្រះសង្ឃពិបាកក្នុងនិមន្តបិណ្ឌបាតនៅតាមទីដទៃ។ ដូចនេះ ទៀនព្រះវស្សា និងទេយ្យវត្ថុផ្សេងៗ ដែលនឹងត្រូវវេរប្រគេនព្រះសង្ឃ គឺជាការចាំបាច់បំផុត ជាទានដ៏ប្រពៃ ទទួលបាននូវបុណ្យកុសលពេញ ដោយបរិបូរណ៍តាមជំនឿ។
បច្ចុប្បន្នទូទាំងរាជធានីភ្នំពេញ មានវត្តចំនួន១៥០វត្ត មានព្រះសង្ឃជាង៥០០០អង្គទាំងមហានិកាយ និងធម្មយុត្តិកនិកាយ។
សូមបញ្ជាក់ថា ពិធីចូលកាន់ព្រះវស្សា មានរយៈ៣ខែ ដោយចាប់ពីថ្ងៃ១រោចខែអាសាឍ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃ១៥កើតខែអស្សុជ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨៕