Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បេក្ខជនតំណាងរាស្ត្រមណ្ឌលកំពង់ធំ៖ គណបក្សប្រជាជន ជាបក្សកាន់អំណាចដុះស្លែ ហើយស្លែនោះអាចធ្វើឲ្យត្រីរស់នៅបានស្រួល ត្រជាក់ត្រជុំ ប្រកបទៅដោយវីតាមីនឆាប់ធំធាត់

23-07-2018 10:32

(កំពង់ធំ)៖ លោក ឃឹង នុភាព បេក្ខជនតំណាងរាស្ត្រមណ្ឌលកំពង់ធំ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សកាន់អំណាចដុះស្លែ ក្នុងនោះលោកបានបញ្ជាក់ថា ស្លែនោះអាចធ្វើឲ្យត្រីរស់នៅបានស្រួល ត្រជាក់ត្រជុំមានជីវជាតិប្រកបទៅដោយវីតាមីន អាចធ្វើឲ្យត្រីឆាប់ធំធាត់ថែមទៀតផង។

លោកបានការថ្លែងដូច្នេះក្នុងឱកាស ជួបសំណេះសំណាលជាមួយបងប្អូន ជនជាតិដើមភាគតិចគួយ នៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាថ្ងៃទី២២ កក្កដា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីលោក ឈុន ឈន់ ប្រធានក្រុមការចុះជួយស្រុកប្រាសាទសំបូរ ក្រុមការងារ និងប្រជាពលរដ្ឋប្រមាណជិត៤០០នាក់។

បេក្ខភាពតំណាងរាស្ត្ររូបនេះ បានបញ្ជាក់ទៀតថា មានការបោះឆ្នោតទើបមានការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ ហេតុនេះហើយសូមបងប្អូនប្រជាពលរដ្ឋ ត្រូវប្រើសិទ្ធិសេរីភាពរបស់ខ្លួន ទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីរក្សាបាននូវសុខសន្ដិភាព និងការអភិវឌ្ឍ ឱ្យរីកចម្រើនតទៅមុខទៀត ដែលជាគណបក្សកាន់អំណាចដុះស្លែ ហើយស្លែនោះអាចធ្វើឱ្យត្រីរស់នៅបានស្រួលត្រជាក់ត្រជុំ មានជីវជាតិប្រកបទៅដោយវីតាមីនអាចធ្វើឱ្យត្រីឆាប់ធំធាត់ថែមទៀតផង។

លោកបានបន្តទៀតថា «ប្រទេសជាតិយើងសព្វថ្ងៃនេះ កំពុងតែមានរីកចម្រើនជាលំដាប់ និងការកសាងលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវដែក អគារខ្ពស់ៗ សាលារៀន មន្ទីរពេទ្យ វត្ដអារាម រោងចក្រក៏កាន់តែច្រើន នេះក៏ដោយសារតែប្រទេសមានសុខសន្ដិភាព ហើយសុខសន្ដិភាពនេះ គឺបានមកពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដូចនេះសូមបងប្អូនត្រូវបន្ដគាំទ្រសម្ដេចតេជោ ជានាយករដ្ឋមន្ដ្រី តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យកម្ពុជា មានសុខសន្តិភាពពេញលេញ បងប្អូនប្រជាពលរដ្ឋរស់នៅមានជីវភាពធូរធារ និងរីកចម្រើនគ្រប់វស័យ»៕