(កំពង់ចាម)៖ អនុវត្តតាមច្បាប់ស្តីពីការបោះឆ្នោត និងគោលការណ៍របស់គណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត គ្រប់គណបក្សនយោបាយទាំងអស់ បានធ្វើសកម្មភាពស្វែងរកសំឡេងឆ្នោត ទៅតាមលទ្ធភាពរៀងៗខ្លួន ពុះពារសម្រេចឲ្យបាននូវការប្តេជ្ងាចិត្ត យកឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
ជាក់ស្តែង និងសម្រាប់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាវិញ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ លោក ឡូវ ហ៊ឺង ប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច និងលោកឧកញ៉ា ជា លាងហុង បានអញ្ជើញជួបជុំសំណេះសំណាល និងទទួលទានបបរសាមគ្គី ក្រោមទិសស្លោក ប្រទេសជាតិមានការរីកចម្រើន នៅក្នុងបរិវេណវត្តខ្ទឹង ស្ថិតក្នុងភូមិខ្ទឹង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
លោកឧកញ៉ា ជា លាងហុង បានស្នើសុំឲ្យសមាជិកសមាជិកាបក្សពង្រឹងកម្លាំងនៅតាមមូលដ្ឋានឲ្យបានរឹងមាំ ប្រមូលផ្តុំ ជាធ្លុងសាមគ្គីឲ្យបានល្អ និងត្រូវដាក់ចិត្តមានជំនឿជឿជាក់ទៅលើការដឹកនាំ ដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានគោលជំហរយ៉ាងពិតប្រាកដ ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានការរីកចម្រើនលើគ្រប់វិស័យ និងការឈានទៅរកប្រទេសមានកំណើន សេដ្ឋកិច្ចខ្ពស់។
លោក ឡូវ ហ៊ឺង បានបញ្ជាក់ថា «ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៃរដ្ឋសភា នាថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ គណបក្សនយោបាយទាំងអស់ ត្រូវបានអនុញ្ញាតឲ្យឃោសនារយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ដែលរហូតមកដល់ថ្ងៃនេះ ជារួមបរិយាកាសសន្តិសុខ សុវិត្ថភាព និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានធានា ហើយការឃោសនាបានប្រព្រឹត្តទៅដោយរលូន គ្នានអំពើហិង្សា នៅក្នុងក្របខណ្ឌទូទាំងប្រទេស។ នេះបើយោងតាមការបញ្ជាក់របស់ គ.ជ.ប»។
ប្រជាពលរដ្ឋក្នុងភូមិខ្ទឹង បានរីករាយស្វាគមន៍យ៉ាងកក់ក្តៅក្នុងការចូលរួមទទួលទានបបរសាមគ្គី ក្រោមទិសស្លោក «ប្រទេសជាតិមានការរីកចម្រើន» នៅក្នុងបរិវេណវត្តខ្ទឹង ស្ថិតក្នុងភូមិខ្ទឹង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ នាថ្ងៃដដែលនោះ លោក ឡូវ ហ៊ឺង និងលោកឧកញ៉ា ជា លាងហុង បានអញ្ជើញពិនិត្យវាយតម្លៃសាលាបឋមសិក្សាខ្ទឹង ដែលបានកំពុងសាងសង់ប្រមាណ៦០ភាគរយហើយ និងរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់ ដើម្បីគោលបំណងឲ្យចៅៗក្មួយៗបានចូលរៀន ក្នុងពេលឆាប់នេះផងដែរ៕