(ព្រះវិហារ)៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ក្រោយជនរងគ្រោះរូបនេះ ត្រូវបានរថយន្តខ្លួនឯងបុកទាំងកំរោល បណ្តាលឲ្យរងរបួស។ ហេតុការណ៍បានកើតឡើង បន្ទាប់ពីរូបគាត់ទៅលេងផ្ទះមិត្តភក្តិ ហើយពេលទៅដល់ក៏ពន្លត់ម៉ាស៊ីន ចុះពីលើរថយន្តទុកឲ្យមិត្តភក្តិម្នាក់ទៀតនៅលើរថយន្ត។ បន្ទាប់ពីចុះបានមួយភ្លែត ក៏បានលឺសំឡេងរថយន្តបញ្ឆេះឡើងវិញ ហើយថយក្រោយធ្លាក់ក្នុងភក់ ឃើញដូច្នេះគាត់បានរត់ទៅស្រែកឲ្យអ្នករួមដំណើរ ដែលនៅក្នុងរថយន្តនៅឲ្យស្ងៀម ចាំខ្លួនទៅបើក ភ្លាមនោះស្រាប់តែរថយន្តហក់ឡើងមកបុកគាត់ទាំងកំរោលតែម្តង។
ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
មន្ត្រីនគរបាលស្រុកគូលែន បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជាម្ចាស់រថយន្ត បានបើករថយន្តរបស់ខ្លួន ដោយមានអ្នករួមដំណើរម្នាក់ទៀត មកឈប់មុខផ្ទះអ្នកស្គាល់គ្នា ដែលជាកន្លែងកើតហេតុ។ ពេលនោះ ជនរងគ្រោះបានពន្លត់ម៉ាស៊ីនរថយន្តឈប់ ហើយចុះដើរទៅលេងផ្ទះអ្នកដែលស្គាល់គ្នានោះ ចំណែកអ្នករួមដំណើរជាមួយមិនបានចុះពីលើរថយន្តនោះទេ ស្របពេលដែលម្ចាស់រថយន្តកំពុងនិយាយគ្នា ស្រាប់តែរថយន្ត ដែលពន្លត់ម៉ាស៊ីននោះបានបញ្ឆេះឡើងវិញហើយថយក្រោយធ្លាក់ក្នុងភក់ ឃើញដូច្នេះម្ចាស់រថយន្ត រត់ទៅស្រែកឱ្យអ្នករួមដំណើរ ដែលនៅក្នុងរថយន្តនៅឱ្យស្ងៀម ចាំខ្លួនទៅបើក និយាយមិនទាន់ផុតពីមាត់ផងស្រាប់តែរថយន្តហក់ឡើងមកបុកគាត់ និងម៉ូតូ ហើយបន្តទៅបុកសរសរផ្ទះ បាក់អស់២ដើមតែម្តង។ ក្រោយហេតុការកើតឡើងជនរងគ្រោះត្រូវបានបញ្ជូនទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
មន្ត្រីនគរបាលស្រុកគូលែន បានបន្តទៀតថា ជនរងគ្រោះជាម្ចាស់រថយន្តមានឈ្មោះ ធួន សាវៀត អាយុ៤៦ឆ្នាំ មុខរបរ អនុប្រធានការិយាល័យអប់រំស្រុកគូលែន ចំណែកអ្នករួមដំណើរជាមួយមានឈ្មោះ ណៃ វណ្ណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមន្ត្រីបរិស្ថានប្រចាំនៅស្នាក់ការតាកឹង ហើយរថយន្តបង្កម៉ាកតាកូម៉ាពណ៍សំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ2Q 9921ខូចខាតផ្នែកខាងមុខ បច្ចុប្បន្នរថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការស្រុក។
ទាក់ទងនឹងហេតុការណ៍ដែលមិនគួរកើតនេះ សមត្ថកិច្ចធ្វើការសន្និដ្ឋានថា អាចបណ្តាលមកពីអ្នករួមដំណើរនៅក្នុងរថយន្តគាត់ក្តៅស្អុះពេលពន្លត់ម៉ាស៊ីនរថយន្ត ធ្វើឱ្យគាត់កាច់សោរបញ្ឆេះវិញ ស្របពេលមិនចេះបើកផងក៍ប៉ះចង្កឹះលេខថយក្រោយធ្លាក់ភក់តែម្តង ហើយក៍ដាក់ចង្កឹះលេខទៅមុខវិញបណ្តាលឱ្យបុកមនុស្ស បុកម៉ូតូ និងបុកសរសរផ្ទះដាច់អស់២ដើមតែម្តងទៅ។ តែទោះជាយ៉ាងណានេះគ្រាន់តែជាការសន្និដ្ឋានប៉ុណ្ណោះ រឿងពិតយ៉ាងណានោះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៀត។
បើតាមការឲ្យដឹងពីលោកវរសេនីយ៍ទោ ឡាញ់ លីស៊ីវឡេង អធិការនគរបាលស្រុកគូលែន បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះថា បុរសឈ្មោះ ណៃ វណ្ណា ជាមន្ត្រីបរិស្ថានគូលែនព្រហ្មទេព ប្រចាំស្នាក់ការតាកឹងដែលបង្ករបួសដល់ម្ចាស់រថយន្តនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ៕