(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមជាមួយលោកស្នងការរង លោកអធិការ លោកអធិការរងនគរបាលខណ្ឌទួលគោក បានចុះសួរសុខទុក្ខដល់លោកអនុសេនីយ៍ឯក ឃិន ទិត មន្រ្តីប៉ុស្តិ៍នគរបាលផ្សារដើមគរ នៅមន្ទីរពេទ្យកាល់ម៉ែត ដែលបានរងរបួសធ្ងន់ នៅពេលកំពុងប្រតិបត្តិការ ការពារសន្តិសុខនៅក្នុងមូលដ្ឋាន។
លោកវរសេនីយ៍ឯក ហ៊ុន សុធី អធិការនគរបាលខណ្ឌទួលគោក បានបញ្ជាក់ឲ្យដឹងថា ក្នុងឱកាសចុះសាកសួរសុខទុក្ខនោះដែរ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បាននាំយកថវិកាចំនួន៥លានរៀល ជូនដល់ជនរងគ្រោះដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ។ លើសពីនេះ នាយឧត្តមសេនីយ៍ ក៏បានជួយសម្រួលតាមសំណើរបស់ក្រុមគ្រួសារជនរងគ្រោះ ធ្វើលិខិតឆ្លងដែនជូនរងគ្រោះឲ្យបានឆាប់។
លោកវរសេនីយ៍ឯក ហ៊ុន សុធី ក៏បានឲ្យដឹងផងដែរថា នៅថ្ងៃម្សិលមិញ បន្ទាប់ទទួលដំណឹងអំពីករណីគ្រោះថ្នាក់របស់លោកអនុសេនីយ៍ឯក យិន ទិត រូបលោករួមជាមួយលោកអធិការរង និងនាយប៉ុស្តិ៍ទឹកល្អក់៣ បានចុះសួរសុខទុក្ខដល់លោកអនុសេនីយ៍ឯក ឃិន ទិត នៅមន្ទីរពេទ្យកាល់ម៉ែត និងបាននាំយកថវិការចំនួន១លានរៀល និងលោកនាយប៉ុស្តិ៍ចំនួន១០ម៉ឺនរៀល ជូនដល់លោកអនុសេនីយ៏ឯក ឃិន ទិត ដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ។
ក្រៅពីថវិកាខាងលើនេះ ក៏មានសប្បុរសជនផ្សេងទៀតជួយឧបត្ថម្ភដល់ជនរងគ្រោះផងដែរ អភិបាលខណ្ឌទួលគោកចំនួន២០០ដុល្លារ និងថវិកាប៉ុស្តិ៍នគរបាលផ្សារដើមគរ ១លានរៀល។
ជាមួយគ្នានេះ ក្រុមគ្រួសារជនរងគ្រោះ សូមគោរពថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនគរបាលនៃស្នងការដ្ឋានរាជធានី ដែលបានយកចិត្តទុកដាក់ដល់ថ្នាក់ក្រោម និងមិត្តនគរបាលទាំងអស់ ដែលបានជួយជាកំលាំងចិត្ត និងថវិកាសម្រាប់ព្យាបាលសង្គ្រោះជីវិត។
សូមជម្រាបថា លោក ឃិន ទិត មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ ត្រូវជនល្មើសកាប់ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងពេលបំពេញការងារ ចុះទៅសាកសួរជនប្រព្រឹត្តបទល្មើស តាមពាក្យបណ្តឹង របស់អ្នករត់ម៉ូតូកង់បី ដែលកើតជម្លោះជាមួយម្ចាស់ស្តង់លក់ផ្លែឈើនៅផ្សារនាគមាស កាលពីវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ សិ្ថតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោល រាជធានីភ្នំពេញ។
សាច់ញាតិជនរងគ្រោះបានប្រាប់ Fresh News ឲ្យដឹងថា នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ បន្ទាប់ពីមានពាក្យបណ្តឹងពីអ្នករត់កង់បីថា មានបញ្ហាជម្លោះជាមួយម្ចាស់ស្តង់លក់ផ្លែឈើ នៅមុខផ្សារនាគមាស លោក ឃិន ទិត្យ និងមន្ត្រីនគរបាលប៉ុស្តិ៍ផ្សារដើមគរសរុបចំនួន៣នាក់ បានចុះទៅកន្លែងកើតហេតុ គ្រាន់តែទៅដល់មុខផ្សារនាគមាស មិនទាំងបានសួរនាំផង ក៏ត្រូវជនល្មើសស្ទុះមកកាប់យកៗតែម្តង។ ហើយជនល្មើស ក៏ត្រូវនគរបាលចាប់ខ្លួនបានភ្លាមៗផងដែរ។
បច្ចុប្បន្នស្ថានភាពជំងឺរបស់លោកអនុសេនីយ៍ឯក យិន ទិត កំពុងស្ថិតក្នុងការតាមដានពីស្ថានភាពជំងឺនៅឡើយ ព្រោះជនរងគ្រោះរបួសត្រូវក្បាលយ៉ាងធ្ងន់ធ្ងរ៕