(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះ ក្រុមហ៊ុនធំៗទាំង១០ នឹងប្រកាសជ្រើសរើសបុគ្គលិកជាបន្ទាន់ចំនួន១,២៤៥កន្លែង ដោយសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
វេទិកាការងារប្រចាំខែកក្កដានេះ មានក្រុមហ៊ុនដែលចូលរួមចំនួន១០គឺ៖ ក្រុមហ៊ុន មីងវួយ ក្រុមហ៊ុន BIMA ក្រុមហ៊ុន NIPPON PAINT ក្រុមហ៊ុន OPEN NET ក្រុមហ៊ុន RMA ក្រុមហ៊ុន ALMONDGROUP អង្គការ PSE ក្រុមហ៊ុន TENG LAY ក្រុមហ៊ុន Wattanac Properties និងក្រុមហ៊ុន CHIP MONG។ វេទិកាការងារប្រចាំខែនេះ ធ្វើឡើងចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង ៥ល្ងាច នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ ស្ថិតនៅក្នុងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ប្អូនស្រី តាន ជូលាង និស្សិតផ្នែក ECO Business នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលធ្លាប់បានចូលរួមក្នុងវេទិកាការងាររបស់ NEA បានលើកឡើងថា «ការរៀបចំវេទិកានេះពិតជាល្អណាស់ ព្រោះបានជួយដល់សិស្សិនិស្សិត ឲ្យបានជួបដោយផ្ទាល់ជាមួយនឹងក្រុមហ៊ុន។ ជាមួយគ្នានោះ ជូ លាង បានចាត់ទុកវេទិកាការងារ និងសកម្មភាពផ្សេងៗរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ថាបានរួមចំណែក ក្នុងការនាំយកឱកាសការងារជាច្រើន ដល់សិស្សនិស្សិត ដែលមានបំណងចង់ស្វែងរកការងារ វេទិកានេះពិតជាល្អណាស់បង ព្រោះបានជូយដល់ខ្ញុំ ក៏ដូចជាអ្នកកំពុងស្វែងរកការងារធ្វើ ឲ្យឆាប់ទទួលបានការងារធ្វើ»។
លោកស្រី សំអុល ចរិយា មន្ត្រីគ្រប់គ្រងធនធានមនុស្សជាន់ខ្ពស់ របស់ក្រុមហ៊ុន RMA បានចាត់ទុកសេវាជួយស្វែងរកការងារធ្វើដល់ ប្រជាពលរដ្ឋខ្មែរ គឺពិតជាល្អណាស់ ដោយបានចូលរួមកាត់បន្ថយអត្រាអត់ការងារធ្វើ របស់ប្រជាពលរដ្ឋខ្មែរ។
លោកស្រីបានឲ្យដឹងថា សម្រាប់ថ្ងៃទី២៤ ខាងមុខនេះក្រុមហ៊ុនត្រូវការជ្រើសរសើសបុគ្គលិកជាច្រើនរូប ហើយជាច្រើនមុខដំណែង ដូចនេះលោកស្រី លើកទឹកចិត្តឲ្យអ្នកស្វែងរកការងារធ្វើ ចូលរួមក្នុងកិច្ចសម្ភាសការងារប្រចាំខែ របស់ NEA ឲ្យបានច្រើនកុះករ។ ជាមួយគ្នានោះលោក ស្រីបានថ្លែងអំណរគុណចំពោះ NEA ដែលបានផ្តល់ភាពងាយស្រួល ដល់ក្រុមហ៊ុនក្នុងការសម្រប់សម្រួល និងផ្តល់ទីតាំងដល់ក្រុមហ៊ុនរបស់លោកស្រី ក៏ដូចជាក្រុមហ៊ុនផ្សេងៗទៀត ក្នុងការរៀបចំវេទិកាការងារផ្សេងៗ។
សូមជម្រាបថា ក្នុងដំណើរប្រតិបត្តិការ ជួយស្វែងរកការងារធ្វើ ដល់ប្រជាពលរដ្ឋខ្មែរ ក្នុងឆមាសទី១ ឆ្នាំ២០១៨ NEA បានជួយស្វែងរកការងារធ្វើ ដល់ប្រជាពលរដ្ឋខ្មែរបានប្រមាណ ៣,២៥១នាក់ ចុះឈ្មោះអ្នកស្វែងរកការងារធ្វើ បានប្រមាណ ៧,៥៩០នាក់ រៀបចំវេទិកាការងារបានចំនួន៤២ដង។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល៕