(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានធ្វើការបំភ្លឺជុំវិញការចាប់ខ្លួនបុរសម្នាក់ ដែលបានប្រើប្រាស់ឯកសណ្ឋានកងរាជអាវុធហត្ថ និងតាំងខ្លួនជាមេបញ្ជារងកងរាជអាវុធហត្ថ ក្រុងព្រះសីហនុ ដើម្បីញុះញង់បង្កឱ្យមានការយល់ច្រលំ និងប៉ះពាល់ដល់កិត្តិយសកងរាជាអាវុធហត្ថទាំងមូល។

លោកឧត្តមសេនីយ៍ត្រីបញ្ជាក់ថា ជនសង្ស័យដែលក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ មានឈ្មោះ ស្តើង ចិន្តា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅបណ្ដោះអាសន្ន ក្នុងភូមិ០៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយជនសង្ស័យ បានចូល Comments ទៅក្នុងការផ្សាយរបស់ Account Facebook ឈ្មោះ «យមរាជលោកីយ៍» ដែលត្រូវបានអាវុធហត្ថខេត្តកំពង់ធំ ចាប់ខ្លួនកាលពីពេលថ្មីៗកន្លងមកនេះ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ទៀតថា ការ Comment នោះ គឺជនសង្ស័យខាងលើបានប្រើប្រាស់ Account Facebook ឈ្មោះ «Sdeng Chanda GRK» ដោយមាន Profile ជាមន្ត្រីកងរាជអាវុធហត្ថ បន្ទាប់ពី Comment ពាក្យសំដី ដែលមានចេតនា ញុះញង់ និងបង្កឱ្យកើតមានបទឧក្រិដ្ឋ ទើបកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការស៊ើបអង្កេត ហើយឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។ បន្ទាប់ពីឃាត់ខ្លួន និងសួរនាំរួច មកជនសង្ស័យខាងលើត្រូវបានបញ្ជួន ទៅកាន់តុលាការខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីចាត់ការតាមផ្លូវច្បាប់។

សាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែកក្កដាម្សិលមិញ ក៏បានចេញដីកាសម្រេចឃុំខ្លួន ជនសង្ស័យខាងលើជាបណ្តោះអាស្នន។

ជាមួយគ្នានេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមអំពាវនាវដល់សារធារណជនទាំងអស់ សូមមេត្តាបញ្ឈប់ការក្លែងបន្លំ ដោយប្រើប្រាស់ឯកសណ្ឋានកងកម្លាំងរាជអាវុធហត្ថ និងបញ្ឈប់សកម្មភាព ដែលញុះញង់បង្កឱ្យកើតមានបទឧក្រិដ្ឋ ដែលនាំឲ្យទទួលទោសទណ្ឌ៕