(រតនគិរី)៖ ខេត្តរតនគិរី ជាខេត្តមួយស្ថិតនៅភាគឦសាន នៃប្រទេសកម្ពុជា មានចម្ងាយពីរាជធានីភ្នំពេញ ៥៨៨គីឡូម៉ែត្រ ធ្វើដំណើរតាមផ្លូវជាតិលេខ៦អា ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៧៨ ដែលមានផ្ទៃដីប្រវែង ៦,៧៨២គីឡូម៉ែត្រការ៉េ មានទន្លេឆ្លងកាត់ចំនួន២ គឺទន្លេសេសាន្ដ និងទន្លេស្រែពក។
ខេត្តរតនគិរី ក្រោមការដឹកនាំរបស់លោក ថង សាវុន ជាអភិបាលខេត្ត បច្ចុប្បន្នបាននិងកំពុងបោះជំហានយ៉ាងស្វាហាប់ជាមួយសុខសន្ដិភាព វឌ្ឍនភាព និងការអភិវឌ្ឍ រួមជាមួយកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់។ សន្ដិភាព នាំឲ្យមានការរីកចម្រើន ប្រជាពលរដ្ឋរស់នៅសុខសុវត្ថិភាព វិបុលសុខ និងសុភមង្គល។
តាមរយៈវីដេអូជិត ១៩នាទី បង្ហាញពីសមិទ្ធផល និងការអភិវឌ្ឍ បានបង្ហាញថា ខេត្តរតនគិរីសម្រេចបាននូវការអភិវឌ្ឍលើគ្រប់វិស័យ ដែលសមិទ្ធផលទាំងអស់នេះ បានផ្ដល់ស្នាមញញឹមប្រកបដោយក្ដីសង្ឃឹម និងមានភាពជឿជាក់ចំពោះប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។
រយៈពេល៥ឆ្នាំ (២០១៣-២០១៨) ក្នុងអាណត្តិទី៥ ដំណាំស្រូវជាមួយផ្ទៃដីបង្កបង្កើនផលលើដំណាំស្រូវ មានចំនួន ២៦,៦៦០ហិចតា ទិន្នផលប្រចាំឆ្នាំជាមធ្យម ២.២០តោន ក្នុងមួយហិចតា ក្នុងនោះផ្ទៃដីស្រែចំការមានចំនួន ១២,៥៥២ហិចតា។
ចំណុចនេះ លោក ថង សាវុន បានគូសបញ្ជាក់ថា មន្ទីរធនធានទឹក ដែលអនុវត្តនូវគម្រោងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានធ្វើការអភិវឌ្ឍ និងកសាង ស្ដារ ទំនប់ធារាសាស្ដ្រ ជួសជុលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដើម្បីធានាផ្គត់ផ្គង់ស្រោចស្រប់ជូនប្រជាពលរដ្ឋ ក្នុងការធ្វើស្រែរដូវប្រាំង។
ដោយឡែកបើងាកមកវិស័យទេសចរណ៍វិញ ខេត្តរតនគិរីមានចំនួន ៥០កន្លែង ស្មើនឹង ១,១២០បន្ទប់ ក្នុងសណ្ឋាគារចំនួន ១៤កន្លែង ស្មើ៦២០បន្ទប់, ផ្ទះសំណាក់ ចំនួន៣៦កន្លែង ស្មើនឹង៥០៨បន្ទប់, មានភោជនីយដ្ឋានចំនួន ១៣កន្លែង និងមានអាហារដ្ឋាន២៥កន្លែង។ តំបន់ទេសចរណ៍ចំនួន ១៤កន្លែង ក្នុងនោះអេកូទេសចរណ៍ ១២កន្លែង និងរមណីយដ្ឋានធម្មជាតិ ចំនួន២កន្លែង ទទួលបានភ្ញៀវទេសចរណ៍ជាង ២០ម៉ឺននាក់ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧។
បច្ចុប្បន្នផ្សារ សាលារៀន ត្រូវបានសាង់សងគ្រប់ទីកន្លែង ដើម្បីបង្កលក្ខណៈដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ស្របតាមគោលនយោបាយយុទ្ធសាស្ដ្រ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។ ខេត្តរតនគិរី បាននិងកំពុងខិតខំប្រឹងប្រែងកែលម្អ ហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង សម្រាប់ប្រជាពលរដ្ឋផង និងអ្នកទេសចរជាតិ-អន្ដរជាតិ៕
ដើម្បីជ្រាបច្បាស់ពីសមិទ្ធផលកើតចេញពីការអភិវឌ្ឍនៅក្នុងខេត្តរតនគិរី សូមទស្សនាវីដេអូដែលមានខ្លឹមសារទាំងស្រុងនៅក្រោមនេះ៖