(កំពត)៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា មកដល់ពេលនេះទាំងប្រទេសជប៉ុន ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍ដទៃទៀតមិនបានដកគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន ចេញពីប្រទេសកម្ពុជាដូចការលើកឡើងរបស់អតីតបក្សប្រឆាំងនោះឡើយ ពោលកិច្ចសហប្រតិបត្តិការលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានៅតែបន្តជា ធម្មតា។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដូច្នេះឆ្លើយតបទៅនឹងសំណួររបស់អង្គភាពព័ត៌មាន Fresh News ពេលចុះបើកការដ្ឋាន ជួសជុលផ្លូវជាតិលេខ៤១ ដែលរងការខូចខាតដោយសារការដឹកជញ្ជូននៅថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញនេះ។ នាពេលកន្លងទៅក្រុមអ្នកនយោបាយ ក៏ដូចជាអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិផង បានលើកឡើងថា ប្រទេសជប៉ុនមានគម្រោងដកជំនួយលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍នយោបាយរបស់កម្ពុជា។
លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានច្រានចោលទាំងស្រុងចំពោះការលើកឡើងនេះ។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ដូច្នេះ «អត់មានការផ្តាច់ជំនួយអ្វីទាំងអស់។ ជប៉ុននៅតែបន្តជួយក្នុងការពង្រីកផ្លូវ កសាងផ្លូវរបស់យើង ក៏ដូចជាកំពង់ផែ។ កំពង់ផែអន្តរជាតិ នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ យើងកំពុងសិក្សាពង្រីកផែថ្មីមួយទៀត ហើយជប៉ុនបានឯកភាពឲ្យយើងខ្ចីប្រាក់កម្ចី ជាង ២០០លានដុល្លារសហរដ្ឋអាមេរិក តាមការស្នើសុំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដ្ឋាភិបាលជប៉ុន នាយករដ្ឋមន្ត្រីជប៉ុន បានឯកភាពឲ្យប្រាក់កម្ចី ២១០លានដុល្លារ ដើម្បីមកធ្វើកំពង់ផែថ្មីមួយទៀត»។
លោក ស៊ុន ចាន់ថុល បន្តថា «ជប៉ុនក៏កំពុងតែសិក្សាជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរនៅរាជធានីភ្នំពេញ ក្នុងការកសាងផ្លូវរទេះភ្លើងលើអាកាស ១៨គីឡូម៉ែត្រ។ ប៉ុន្តែការសិក្សានេះ ត្រូវប្រើរយៈពេលយូរអាចដល់ឆ្នាំ២០១៩ ទើបសិក្សាចប់ ហើយពិនិត្យមើលថា តើសាងសង់រទេះភ្លើងលើអាកាស វាចំណេញជាងពង្រីកផ្លូវ ឬយ៉ាងណា? អាហ្នឹងយើងសិក្សាទាំងអស់ វាយតម្លៃទាំងអស់។ មួយណាផ្តល់អត្តប្រយោជន៍ជូនជាតិបានលឿន ហើយតម្លៃថោក យើងជ្រើសរើសប្រភេទនោះមកធ្វើ។ ប៉ុន្តែតាមមើល AGT នេះ ជាប្រភេទទំនើបដូចនៅប្រទេសជប៉ុនអីចឹង ហើយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកបានលើកជាមួយនាយករដ្ឋមន្ត្រីជប៉ុន ហើយជប៉ុនក៏បានបញ្ជូនមនុស្សមកសិក្សាជាបន្ទាន់ដែរ»។
ក្រៅពីប្រទេសជប៉ុន អង្គការដែលជាដៃគូអភិវឌ្ឍន៍របស់កម្ពុជាដទៃទៀត ក៏មិនបានដកថយលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានោះដែរ។ នេះបើតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។
«កាលពីសប្តាហ៍កន្លងមកនេះ ធនាគារពិភពលោក ទើបតែផ្តល់ប្រាក់កម្ចី ២០០លានដុល្លារ មករាជរដ្ឋាភិបាលកម្ពុជា។ ក្នុងប្រាក់កម្ចី ២០០លានដុល្លារនោះ ១១០លានដុល្លារ នឹងយកមកប្រើប្រាស់ក្នុងការស្តារ និងពង្រីកកំណាត់ផ្លូវជាតិលេខ៤។ ដូច្នេះគ្មានថយ ឬ រារែកពីដៃគូអភិវឌ្ឍន៍ ឬប្រទេសណាមួយទេ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាយើង»។ លោក ស៊ុន ចាន់ថុល បញ្ជាក់។
លោករដ្ឋមន្ត្រី ក៏បានឲ្យដឹងដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងបន្តសហការជាមួយដៃគូអភិវឌ្ឍដទៃទៀត ដូចជា Koica កូរ៉េ ADB ធនាគារអភិវឌ្ឍន៍អាស៊ី លើផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយគ្មានការពន្យារពេល ឬក៏ផ្តាច់ជំនួយអ្វីនោះទេ។ ADB នៅឆ្នាំក្រោយមានគម្រោងរៀបចំប្រព័ន្ធលូទឹកស្អុយ នៅក្រុងព្រះសីហនុ ហើយគម្រោងមួយចំនួន កំពុងស្តារក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB៕