(ព្រះសីហនុ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា មកដល់ម៉ោង៧៖៣០នាទី ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកជំនន់ហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានអូរគគី (ចន្លោះគីឡូម៉ែត្រលេខ១០៦-១០៧) ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកចុះអស់វិញហើយ។ ការធ្វើចរាចរឆ្លងកាត់ ក៏ត្រូវបានអាជ្ញាធរបើកឲ្យដំណើរការជាប្រក្រតីឡើងវិញដែរ។
សូមជម្រាបថា នៅព្រឹកព្រលឹមថ្ងៃនេះ អាជ្ញាធរបានសម្រេចឲ្យផ្អាកការធ្វើចរាចរឆ្លងកាត់លើផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានអូរគគីរ បន្ទាប់ពីមានទឹកជំនន់ហូរកាត់ផ្លូវ និងស្ពាន។ ប៉ុន្តែរយៈពេលប៉ុន្មានម៉ោងក្រោយមកទឹកក៏បានស្រកចុះ អាជ្ញាធរក៏សម្រេចឲ្យធ្វើចរាចរឡើងវិញ៕