(ព្រះសីហនុ)៖ កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានអូរគគី នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ ត្រូវបានអាជ្ញាធរសម្រេចឲ្យផ្អាកការធ្វើចរាចរជាថ្មី ដោយសារស្ថានភាពទឹកជំនន់។

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់ខ្លួនថា «កំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានអូរគគី (ចន្លោះគីឡូម៉ែត្រ១០៦-១០៧) ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានទឹកជំនន់ហូរកាត់ជាថ្មីម្តងទៀត ប្រវែងប្រមាណ ៥០ម៉ែត្រ ក្នុងកម្ពស់០.៤០ម៉ែត្រ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នេះ។ គិតត្រឹមម៉ោង៦ព្រឹកនេះ ចរាចរត្រូវបានអាជ្ញាធរផ្អាកជាបណ្តោះអាសន្នហើយ»។

ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ដែលមានបំណងចង់ធ្វើដំណើរទៅខេត្តព្រះសីហនុ សូមវាងតាមផ្លូវជាតិលេខ៤១ និងឆ្ពោះទៅផ្លូវជាតិលេខ៣ ដោយសារតែកំណាត់ផ្លូវជាតិលេខ៤ នៅបន្តបិទចរាចរណ៍ជាបណ្តោះអាសន្ននៅឡើយ ដោយសារតែទឹកនៅបន្តជន់លិច៕