(កំពង់ធំ)៖ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបារាយណ៍ លោក ថោង ខុន នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ បានជួបជាមួយសមាជិក-សមាជិកាបក្សនៅឃុំច្រនាង ១០០០នាក់ និងបន្តជួបអាជីវករនៅផ្សារតាំងគោក ស្រុកបារាយណ៍។ លោក ថោង ខុន ក៏បានរំឭកពីស្នាដៃកសាងសមិទ្ធផលជាច្រើនរបស់សម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដទៃទៀត បាននិងកំពុងបន្តយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋឱ្យទទួលបានសន្តិភាព ការអភិវឌ្ឍ និងជួយទំនុកបម្រុងសេវាគាំពារជាច្រើនទៀត។

លោក ថោង ខុន បន្តថា កត្តាសន្តិភាព គឺមិនអាចខ្វះបានសម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិនីមួយៗព្រោះថា បើគ្មានសន្តិភាពនោះទេ ក៏មិនអាចនិយាយពីប្រជាធិបតេយ្យសេរីភាព ឬសិទ្ធិមនុស្សដែរ ប៉ុន្តែផ្ទុយទៅវិញបើមានសន្តិភាពប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាន្ដ មានសេរីភាព មានប្រជាធិបតេយ្យពេញលេញ ប្រទេសជាតិក៏មានការរីកចម្រើន ដូច្នេះសន្តិភាពជាកត្តាមិនអាចខ្វះបាន ហើយទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាសន្តិភាពឱ្យបានគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយ។ លោក ថោង ខុន ក៏បានគាំទ្រនូវមតិរបស់ប្រជាពលរដ្ឋ លើកឡើងថា សន្តិភាពនាំមកនូវសេចក្ដីសុខសាន្ត មានសិទ្ធសេរីភាពពេញលេញ និងការអភិវឌ្ឍប្រទេសជាបន្តបន្ទាប់។

បន្ទាប់ពីសំណេះសំណាលរួចលោក ថោង ខុន ក៏បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារតាំងគោក ហើយពួកគាត់ក៏បានសម្តែងភាពស្និទ្ធស្នាល និងស្វាគមន៍ ហើយបានប្តេជ្ញាទៅបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៅអាណត្តិទី៦ និងអាណត្តិបន្តៗទៀត។ ជាមួយគ្នានេះ លោក ថោង ខុន ក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ត្រៀមឯកសារ ដើម្បីបម្រើការបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕