(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ បានអំពាវនាវសាសនិក គ្រប់សាសនាទាំងអស់នៅកម្ពុជា អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីរក្សាសុខដុមរមនានៃសាសនា ក្រោមដំបូងនៃសន្ដិភាព និងការអភិវឌ្ឍ។
ការអំពាវនាវរបស់លោក ឃឹម ប៊ុនសុង ត្រូវបានធ្វើឡើង ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីសង្ឃ អាចារ្យ គណៈកម្មការវត្ត ព្រមទាំងថ្នាក់ដឹកនាំ និងបរិស័ទសាសនាឥស្លាម សាសនាគ្រឹស្ដ សាសនាបាហៃ និងសាសនាផ្សេងៗមួយចំនួនទៀត សរុបចំនួន៥៧០អង្គ/នាក់ នៅវត្តព្រះព្រហ្មរ័ត្ន នាសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងមានព្រះវត្តមានរបស់ព្រះមហាវិមលធម្ម ពិន សែម សិរីវុវណ្ណា ព្រះរាជាគណៈថ្នាក់ទោ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក នៃកម្ពុជា។
លោកអភិបាលខេត្តសៀមរាប បានថ្លែងទៅកាន់មន្ត្រីសង្ឃ អាចារ្យ គណៈកម្មការវត្ត ព្រមទាំងថ្នាក់ដឹកនាំ និងបរិស័ទពាហិរសាសនា និងអ្នកចូលរួមពិធីនេះថាក្រោមដំបូលនៃសុខសន្ដិភាព ស្ថិរភាពនយោបាយ និងវឌ្ឍនភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងឥស្សរជន នៃរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិគោរព ប្រតិបត្តិនូវជំនឿ សាសនា និងបក្សនយោបាយ ដែលខ្លួនស្រឡាញ់ ពេញចិត្ត ហើយបើយោងតាមបាវចនានៃកម្ពុជា គឺជាតិ សាសនា ព្រះមហាក្សត្រ។
បើតាមលោក ឃឹម ប៊ុនសុង រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញារក្សាការពារនូវឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីនៃកម្ពុជា ដើម្បីរក្សាការពារនូវទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនា ហើយធានានូវសណ្ដាប់ធ្នាប់ សន្តិសុខសាធារណៈ សន្តិភាព និងការអភិវឌ្ឍ សូមសាសនិកគ្រប់សាសនាទាំងអស់នៅកម្ពុជា ទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។
សូមជម្រាបថា បើតាមរបាយការណ៍របស់លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប បានឲ្យដឹងថា សម្រាប់ខេត្តសៀមរាប ក្នុងនោះមានព្រះពុទ្ធសាសនា មាន២និកាយ គឺគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ ហើយមាន២៤២វត្ត និង២៣អាស្រម, មានព្រះសង្ឃសរុប ចំនួន៤,៧៨៨អង្គ។ គណៈមហានិកាយ មាន២៤២វត្ត អាចារ្យវត្តមាន ចំនួន៦៥៨នាក់ ក្នុងនោះអាចារ្យ៤១៨រូប បានទទួលការបណ្ដុះបណ្ដាល ក្នុងនោះគណៈកម្មការវត្តមាន ចំនួន១,៧០៥នាក់។
លោកបានបញ្ជាក់ទៀតថា សម្រាប់ពាហិរសាសនាមាន សាសនាឥស្លាម ក្រុមកនអ៊ីម៉ាំសាន់ មានវិហារ១កន្លែង, ស៊ូរ៉ាវ១១កន្លែង, សាលា១០, សមាគម១កន្លែង ដែលមានបរិស័ទសរុបចំនួន៥,០៧៨នាក់ (ស្រ្តី២,៦០២នាក់)។ សាសនាគ្រឹស មាន២និកាយធំៗ គឺនិកាយប្រូតេស្ដង់ និងនិកាយកាតូលិក៖ មានវិហារ៣កន្លែង, ស្នាក់ការមាន៧២កន្លែង, សាលាបង្រៀនសាសនា ចំនួន៦០សាលា ដែលមានបរិស័ទសរុបចំនួន៥,០២៥នាក់ (ស្រ្តី២,៩៤៩នាក់)។ ពុទ្ធសាសនាមហាយាន (គង់ស៊ីអ៊ីម. ម៉ីឡឺ និងអ៊ីក្វាន់តាវ) មានវិហារ១កន្លែង, ស្នាក់ការថ្វាយបង្គំ២កន្លែង, មានបរិស័ទសរុប ចំនួន២០១នាក់ (ស្រ្តី១១៣នាក់)។ សាសនាបាហៃ មានស្នាក់ការថ្វាយដង្គំ១កន្លែង ដែលមានបរិស័ទ២៧នាក់ (ស្រ្តី១៥នាក់)៕