(កំពត)៖ នៅដើមរដូវវស្សានេះផ្លូវជាច្រើនខ្សែបានរងការខូចខាត ដែលខ្លះខូចដោយសារការដឹកជញ្ជូន និងខ្លះទៀតខូចដោយសារជំនន់ទឹកភ្លៀង។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨ បានចំណាយពេលពេញមួយថ្ងៃចុះទៅពិនិត្យកំណាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ៣៣ លេខ៣១ និងលេខ៤១ បន្ទាប់ពីផ្លូវទាំងនោះរងការខូចខាតខ្លាំងនៅចំណុចមួយចំនួន។
បន្ទាប់ពីបានពិនិត្យ និងមើលឃើញថា កំណាត់ផ្លូវដែលខូចខាតកំពុងបង្កការលំបាកខ្លាំងសម្រាប់ប្រជាពលរដ្ឋនោះ លោក ស៊ុន ចាន់ថុល បានចាត់ចែងដោះស្រាយដោយស្វែងរកដៃគូឯកជន និងក្រុមហ៊ុននានា ដើម្បីស្តារ និងជួសជុលផ្លូវទាំងនោះឡើងវិញ បើទោះបីបច្ចុប្បន្នថវិការបស់ក្រសួងសម្រាប់ការជួសជុលមិនទាន់មានក៏ដោយនោះ។
នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អមដំណើរដោយអភិបាលខេត្តកំពត លោក ជាវ តាយ, ថ្នាក់ដឹកនាំក្រុមហ៊ុន CRBC និង World Bank ព្រមទាំងអ្នកជំនាញពាក់ព័ន្ធ ពិនិត្យ និងបើកការដ្ឋានជួសជុលកំណាត់ផ្លូវលេខ៤១ និងផ្លូវជាតិលេខ០៣ ក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តជាប់ដងផ្លូវនេះ។
លោក ស៊ុន ចាន់ថុល បានថ្លែងក្នុងងឱកាសនោះថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ក្នុងការស្តារ និងជួសជុលផ្លូវដែលខូចនេះ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពោលមិនបានព្រងើយកន្តើយ ហើយទុកឲ្យប្រជាពលរដ្ឋលំបាកនោះឡើយ។ លោករដ្ឋមន្ត្រី ក៏បានសូមការយោគយល់ និងអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកក្នុងការធ្វើដំណើរព្រោះតែផ្លូវដែលកំពុងខូចខាតនេះផងដែរ។
សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៤១ ចំណុចដែលខូចខាត មានប្រវែងប្រមាណ ២២គីឡូម៉ែត្រ ពីចំណុចគីឡូម៉ែត្រលេខ៧៣ ដល់ចំណុចគីឡូម៉ែត្រលេខ៩៥ ដែលត្រូវជួសជុលបន្ទាន់ជាមួយផ្លូវជាតិលេខ៣។ ផ្លូវជាតិលេខ៣ ខូចខាតជាទីកត់សម្គាល់ ១៥គីឡូម៉ែត្រ ចាប់ពីចំណុច គីឡូម៉ែត្រលេខ១៣០ ដល់ចំណុចគីឡូម៉ែត្រលេខ១៤៥។
កំណាត់ផ្លូវទាំងពីរខ្សែនេះ ត្រូវឈូសឆាស បង្ហាប់ និងក្រាលថ្មមិច ជួសជុលដោយក្រុមហ៊ុន CRBC (ក្រុមហ៊ុនចិន)។ ដោយឡែកកំណាត់ផ្លូវជាតិលេខ០៣ ពីកំពត ទៅវាលរិញ ក៏ត្រូវឈូសឆាយ ក្រោមថវិកា របស់ WB ផងដែរ។
លើសពីនេះទៅទៀត ផ្លូវទាំងនេះគ្រោងនឹងលើកកម្ពស់គុណភាព ទៅជាផ្លូវបេតុងកៅស៊ូ AC ទាំងស្រុងសំដៅរក្សាបានភាពយូរអង្វែង ទ្រទម្ងន់បានប្រសើរជាងមុន និងចូលរួមសម្រួលដល់ សេដ្ឋកិច្ចការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ព្រមទាំងការដឹកជញ្ជូនកាន់តែប្រសើរមួយកម្រិតទៀត។
យោងតាមការជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលកន្លងទៅបានឲ្យដឹងថា ផ្លូវជាតិលេខ២ លេខ៣ លេខ៣៣ លេខ៤១ លេខ៤៥ លេខ៤៥ លេខ៤៨ លេខ៥៧ និងកំណាត់ផ្លូវខេត្តលេខ១៤៨ លេខ៣៧៧ លេខ១៣៣២ លេខ១៣៣៣ លេខ១៣៣៥ លេខ១៥៩ដេ កំពុងតែទទួលការរងការខូចខាតស្រទាប់ផ្លូវ ផ្នែកខាងលើ ដោយការរថយន្ដទឹកទំនិញធុនធំ បើកបវាងពីផ្លូវជាតិលេខ៤ និងកំណាត់ផ្លូវខេត្តលេខ១៣២ បានខូច ដោយការជន់លិចដោយសារជំនន់ទឹកភ្លៀង។
តាមចក្ខុវិស័យ «ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់» និងតាមពាក្យស្លោក «មានផ្លូវមានស្ពានមានក្តីសង្ឃឹម» រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រើគ្រប់លទ្ធភាព ដើម្បីកៀរគររកហិរញ្ញប្បទាន ដើម្បីថែរក្សា ជួសជុល លើកកម្រិតគុណភាព ពង្រីក និងសាងសង់ថ្មី ជាបន្តបន្ទាប់និងធ្វើជាប្រចាំ ក្នុងគោលបំណងបំពេញតាមតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ៕