(ភ្នំពេញ)៖ ធនាគារពាណិជ្ជ Chief ដែលមានមូលដ្ឋានមក ពីប្រទេសហុងកុង បានបើកអាជីវកម្មធនាគាររបស់ខ្លួន នៅទីក្រុងភ្នំពេញហើយ នៅក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលបានបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ។
បន្ទាប់ពីបានដំណើរការអស់រយៈពេលបីឆ្នាំជាធនាគារពាណិជ្ជហើយនោះ Chief ក៏បានបញ្ចេញនូវចំនួនប្រាក់កម្ចី និងបង្កើនចំនួនអតិថិជនយ៉ាងច្រើន។ នៅក្នុងឆ្នាំ២០១៨ថ្មីៗនេះ Chief ក៏បានទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ ដែលទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា ថាជាធនាគារពាណិជ្ជ ទី៤០ផងដែរ ។
Chief ត្រូវបានគេស្គាល់ថាជាធនាគារដែលមានឈ្មោះល្បី និងមានបទពិសោធន៍ជាង៤០ឆ្នាំមកហើយ ក្នុងការប្រតិបត្តិជាស្ថាប័នហិរញ្ញវត្ថុយ៉ាងសំខាន់ និងឈានមុខគេមួយនៅក្នុងពិភពលោក។ ធនាគារពាណិជ្ជនេះ បាននាំមកនូវបញ្ជីរាយផលិតផល ដែលមានវិសាលភាពយ៉ាងពេញលេញ និងផ្តល់ជូននូវដំណោះស្រាយ ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិផ្សេងទៀត ដែលមានបណ្តាលសាខានៅហុងកុង ដែលជាតំបន់ស្នូលនៃប្រទេសចិន។
ទោះបីជាចាប់ផ្តើមទ្បើង ពីកម្រិតមូលដ្ឋានទាបយ៉ាងណាមិញ ក៏ប្រទេសកម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលមានដំណើរការសេដ្ឋកិច្ចល្អបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងរយៈពេលមួយទសវត្សរួចមកហើយ មូលហេតុគឺដោយសារតែមានការកើនទ្បើង នូវផលិតផលក្នុងស្រុកសរុប ដែលជាលទ្ធផល ក្នុងការអនុវត្តគោលនយោបាយបើកទូលាយ ឲ្យមានការវិនិយោគទុនពីបរទេស (ក្រុមហ៊ុន អាចត្រូវបានកាន់កាប់ដោយវិនិយោគិនបរទេស មួយរយភាគរយ) និងគោលនយោបាយទីផ្សារចំហរ (សេដ្ធកិច្ចទីផ្សារ) លើការគ្រប់គ្រងសេដ្ធកិច្ច។ ធនាគារ Chief គឺបានដើរតួជាវិនិយោគិនបរទេសមួយ ដែលបានចូលរួមជាមួយប្រទេសជប៉ុន កូរ៉េ ម៉ាទ្បេស៊ី និងវិនិយោគិនចិនដទៃទៀត ដែលចូលរួមយ៉ាងសកម្មក្នុងវិស័យធនាគារ។
បើតាមការលើកឡើងរបស់នាយកធនាគារពាណិជ្ជ Chief បានឲ្យដឹងថា «យើងតែងតែដាក់បញ្ចូលនូវគោលការណ៍ ដែលយកអតិថិជនជាចម្បង ធ្វើជាគំរូរបស់អាជីវកម្ម បូករួមជាមួយនឹងការផ្តល់ជូន នូវសេវាកម្មប្រកបដោយជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យាដែលមានលក្ខណៈទំនើប ព្រមគ្នាជាមួយនឹងការផ្តល់ជូន នូវផលិតផលហិរញ្ញវត្ថុជាច្រើន រួមទាំងសេវាកម្ម ប្រកបដោយសមត្ថភាព និងភាពច្នៃប្រឌិតខ្ពស់។ លើសពីនេះទៅទៀត យើងបាននឹងកំពុងផ្តល់ជូននូវវគ្គបណ្តុះបណ្តាល ដែលមានលក្ខណៈជំនាញ និងទាន់សម័យគ្រប់គ្រាន់ សម្រាប់បុគ្គលិករបស់យើង ដើម្បីឲ្យស្ថាប័នរបស់ខ្លួន នាំមុខគេខាងផ្នែកហិរញ្ញវត្ថុ»។
Chief គឺជាគ្រឹះស្ថានហិរញ្ញវត្ថុមួយដ៏ជោគជ័យ ហើយព្រមទាំងទទួលបាននូវភាពរីកចម្រើនយ៉ាងខ្លាំងក្លា ចាប់តាំងពីឆ្នាំ២០០០ និងការគ្រប់គ្រងហានិភ័យ យ៉ាងមានប្រសិទ្ធភាពដោយ សង្កត់ធ្ងន់លើគោលការណ៍នៃភាពប្រុងប្រយ័ត្ន និងភាពស្មោះត្រង់ក្នុងការធ្វើជំនួញ។ បច្ចុប្បន្ននេះ ធនាគារបាននឹងកំពុងមានបុគ្គលិកបម្រើការក្នុងស្រុកចំនួនជាច្រើននាក់ ពិសេសទៅទៀតនោះ យុទ្ធសាស្រ្តដែលនាំឲ្យធនាគារទទួលបាននូវវិសាលភាពបែបនេះ គឺដោយសារតែធនាគារបានយកចិត្តទុកដាក់ និងយកចិត្តទុកដាក់លើកក្រុមអ្នកអភិជនក្នុងស្រុក ក៏ដូចជាការនាំមកនូវទស្សនះគំនិតល្អៗ និងបច្ចេកវិទ្យាទំនើបមកពីហុងកុង ហើយតួនាទីសំខាន់ៗមួយចំនួននៅក្នុងធនាគារត្រូវបានផ្តល់ទៅឲ្យបុគ្គលិកក្នុងស្រុកដែលមានជំនាញឯកទេសកម្ម ព្រមទាំងទាមទារឲ្យមានបទពិសោធន៍ជាច្រើនឆ្នាំផងដែរ។
ក្រៅពីនោះក្រុមប្រឹក្សាភិបាលធនាគារ ក៏បានយកទុកដាក់ខ្ពស់ក្នុងការផ្តល់ជូននូវវគ្គបណ្តុះបណ្តាលខាងផ្នែកហិរញ្ញវត្ថុ ដែលរួមមានការសិក្សាអប់រំ និងសិក្ខាសាលាក្រៅប្រទេសដល់បុគ្គលិកក្នុងស្រុកផងដែរ។ លើសពីនេះទៅទៀត លោកប្រធាន និងស្ថាបនិករបស់ Chief គ្រុបដែលបានព្យាយាមយ៉ាងសស្រាក់សស្រាមនៅក្នុងវិស័យហិរញ្ញវត្ថុអស់រយៈពេលជាងកន្លះសតវត្សនោះ បានបង្ហាញអំពីសមិទ្ធិផលចុងក្រោយ របស់ធនាគារពាណិជ្ជ Chief ថា «ពួកយើងយល់ថា វាគឺជាឱកាស ដ៍មានតម្លៃមួយ ដែលយើងអាចធ្វើប្រតិបត្តិការអាជីវកម្មផ្នែកធនាគារ នៅប្រទេសកម្ពុជាបាន។ ពួកយើងតែងតែរិះគិតពីវិធី ក្នុងការរកប្រាក់ចំណេញ តាមបែបសុចរិត និងការកសាងទំនាក់ទំនងរយៈពេលវែង ជាជាងការរកប្រាក់ចំណេញតែក្នុងរយៈពេលខ្លី»។
Chief បានធ្វើការប្តេជ្ញាចិត្តថា និងធ្វើការប្រតិបត្តិការ ដោយផ្តល់ជូននូវសេវាកម្មដែលល្អឥតខ្ចោះ សម្រាប់អតិថិជន បុគ្គលិក ក៏ដូចជាសង្គមផ្ទាល់ផងដែរ។ ធនាគារពាណិជ្ជ Chief ត្រូវបានគេផ្តល់ចំណាត់ថ្នាក់ថា ជាធនាគារពាណិជ្ជ ដែលទទួលបាននូវទំនុកចិត្ត ពីសំណាក់អតិថិជន ក៏ដូចជាទំនុកចិត្តទៅលើភាពជាដៃគូជាមួយពាណិជ្ជករ ដោយសារតែធនាគារនេះ មានវិបុលភាព និងជាធនាគារ ដែលបានអនុវត្តប្រកបទៅដោយសីលធម៌វិជ្ជាជីវៈ។
លោកបានបញ្ជាក់ទៀតថា ធនាគារពាណិជ្ជ Chief ដែលមានមូលដ្ធានគ្រឹះ នៅហុងកុងនេះ ក៏មានទំនាក់ទំនងយ៉ាងធំទូលាយជាមួយប្រទេសចិន ដែលជាប្រទេសមានសន្ទុះសេដ្ធកិច្ចខ្លាំង និងនាំមកនូវឱកាសប្រកបអាជីវកម្មជាច្រើន ដល់ប្រទេសកម្ពុជា ៕