(កំពង់ចាម)៖ អ្នកជំនាញអប់រំរបស់អាមេរិក២រូប នឹងមកប្រទេសកម្ពុជាលើកបង្ហាញពីសក្តានុពលសិក្សានៅសហរដ្ឋអាមេរិក ក្នុងបំណងបញ្ចុះបញ្ចូលអូសទាញនិស្សិតកម្ពុជា ឲ្យទៅសិក្សានៅសហរដ្ឋអាមេរិក។
សិក្ខាសាលាផ្សព្វផ្សាយសក្តានុពលសិក្សានៅអាមេរិកនេះ នឹងប្រព្រឹត្តទៅលើកទី១ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ៥ល្ងាច នៅទីបញ្ជារការភ្នំពេញ CMAC និងលើកទី២ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ២រសៀល នៅសាលប្រជុំគីសូណ Hall Kizona អគារ CKCC នៃសាកលវិទ្យាល័យភ្នំពេញ RUPP ផ្លូវសហព័ន្ធរុស្សី រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ឲ្យដឹងពីលោក មួន វាសនា ទីប្រឹក្សាសម្តេច ហេង សំរិន និងជាប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យ UME នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងទៀតថា អ្នកជំនាញអប់រំដ៏ល្បីរបស់សហរដ្ឋអាមេរិកចំនួន២រូបនេះ រួមមានលោកស្រីបណ្ឌិត អែឡែន ហ្គែធ័រ និងលោកបណ្ឌិត ហ្គ្រេក ហ្គែធ័រ។
លោកបានគូសបញ្ជាក់ថា ដោយមានអនុស្សារណៈយោគយល់គ្នា រវាងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME សាខាខេត្តកំពង់ចាម និងសាកលវិទ្យាល័យមហាឬសី នៃការគ្រប់គ្រង MUM មានមូលដ្ឋាននៅរដ្ឋអៃអូវ៉ាសហរដ្ឋអាមេរិក ទើបសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តកំពង់ចាម សហការជាមួយ CMAC និង RUPP រៀបចំសិក្ខាសាលានេះឡើង។
ទីប្រឹក្សាសម្តេច ហេង សំរិន បានលើកឡើងថា នេះជាជំហ៊ានថ្មីមួយបន្ថែមទៀត ក្រោយពីបានសហការរៀបចំសន្និសីទអន្តរជាតិកាលពីឆ្នាំ២០១៧ ដែលនឹងអនុវត្តទៅតាមគោលការណ៍ ដែលមានចែងក្នុងអនុស្សារណៈយោគយល់គ្នានេះ។
លោក មួន វាសនា បានបញ្ជាក់ថា សាកលវិទ្យាល័យមហាឬសី នៃការគ្រប់គ្រង MUM នេះ បានកើតឡើងប្រមាណជា៥០ឆ្នាំ បណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិតគ្រប់ជំនាញ និងគ្រប់កម្រិតផ្សេងៗ ដែលបច្ចុប្បន្នមាននិស្សិតកំពុងសិក្សា និងបញ្ចប់ជាង ៣,០០០នាក់ មកពីជាង ១០០ប្រទេសជុំវិញពិភពលោក។
ក្នុងនោះសាកលវិទ្យាល័យនេះ មានប្រព័ន្ធអប់រំ ដោយឈរលើមូលដ្ឋាន នៃមនសិការ ដោយបានពង្រីកសក្តានុពលដ៏ខ្លាំងក្លាទៅលើរាងកាយ និងចិត្តគំនិតរបស់និស្សិតម្នាក់ៗ។ ដោយឡែកព័ត៌មានអាជីពព័ត៌មានវិទ្យា បានដំណើរការជាង ២២ឆ្នាំ និងជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យដ៏ធំជាងគេ និងទទួលបានភាពជោគជ័យល្បីល្បាញផ្នែកកម្មវិធីវិទ្យាសាស្ត្រកុំព្យូទ័រ នៅសហរដ្ឋអាមេរិកផងដែរ៕