(កំពង់ធំ)៖ លោក សុខ លូ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានថ្លែងថា គណបក្សប្រជាជនកម្ពុជា មិនមែនជាគណបក្សដឹកនាំល្អឥតខ្ចោះនោះទេ ប៉ុន្តែក៏មិនមានគណបក្សណាដឹកនាំល្អជាងនោះដែរ។ លោកបន្តថា សូមប្រជាពលរដ្ឋចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា កុំបីខានដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍបន្តទៀត៕
លោក សុខ លូ បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជាជិត ១ពាន់នាក់ នៅពីរកន្លែងផ្សេងគ្នា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨។ ក្នុងនោះពេលព្រឹកធ្វើឡើងនៅស្រុកសណ្តាន់ចំនួន ៥៥៩នាក់ និងពេលរសៀលនៅស្រុកប្រាសាទសំបូរ ចំនួន ៤០៥នាក់។
លោក សុខ លូ បានលើកឡើងថា ក្នុងនាមជាយុវជនរបស់គណបក្សប្រជាជនកម្ពុជា ត្រូវក្លាហាន ស្វាហាប់ គោរពនូវតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការចុះមូលដ្ឋានជួបប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេស។ ជាពិសេសត្រូវយល់ដឹងអំពីការបោះឆ្នោត និងពន្យល់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការបោះឆ្នោត គឺធ្វើឡើងតែមួយថ្ងៃគត់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៧៖០០ព្រឹក ដល់ម៉ោង ៣៖០០រសៀល។
ដើម្បីទៅបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ចីបោះឆ្នោតនៅការិយាល័យបោះឆ្នោត និងត្រូវកាន់យកទៅជាមួយនូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។ ប្រសិនបើប្រជាពលរដ្ឋមិនទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែររបស់ខ្លួនត្រូវបានបាត់ ឬខូច ត្រូវណែនាំដល់សាម៉ីខ្លួន រួសរាន់ដាក់ពាក្យស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតនៅរដ្ឋបាលឃុំ សង្កាត់។
លោកប្រធានបន្ថែមទៀតថា នៅពេលទទួលបានសន្លឹកឆ្នោតសូមពិនិត្យមើល បើសន្លឹកឆ្នោតគ្មានបោះត្រានៅខាងខ្នង ឬមានប្រឡាក់ទឹកត្រា ទឹកខ្មៅ ត្រូវសុំដូរសន្លឹកឆ្នោតថ្មីវិញ ព្រោះសន្លឹកឆ្នោតបែបនេះត្រូវចាត់ទុកជាសន្លឹកឆ្នោតមិនបានការ។ ម្យ៉ាងវិញទៀត រាល់ការគូសសន្លឹកឆ្នោត សូមគូសសញ្ញាតែមួយ (√ ឬ + ឬ x) នៅក្នុងប្រអប់បួនជ្រុងទ្រវែង ដែលមានសញ្ញាគណបក្សប្រជាជនកម្ពុជារូបទេវតាបាចផ្កា ស្ថិតនៅលេខរៀងទី២០ លើសន្លឹកឆ្នោត។ មិនត្រូវសរសេរជាលេខ ជាអក្សរ ឬហត្ថលេខា ឬជាពាក្យអ្វី នៅលើសន្លឹកឆ្នោត និងមិនត្រូវគូសសាកទឹកប៊ិចនៅលើសន្លឹកឆ្នោត ទាំងខាងមុខ និងខាងខ្នង ដែលនាំឲ្យសន្លឹកឆ្នោតត្រូវចាត់ទុកជាមិនបានការផងដែរ៕