(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានថ្លែងថា ប្រទេសកម្ពុជា ពិតជាមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សយ៉ាងពិតប្រាកដ ហើយរាជរដ្ឋាភិបាល ប្ដេជ្ញារក្សាការពារនូវឯករាជ្យភាព អធិបតេយ្យ បូរណភាពទឹកដី និងរក្សាការពារនូវទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនា។
ការថ្លែងរបស់លោក ឃឹម ប៊ុនសុង ត្រូវបានធ្វើឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីសង្ឃ អាចារ្យ គណៈកម្មការវត្ត ព្រមទាំងថ្នាក់ដឹកនាំ និងបរិស័ទសាសនាឥស្លាម សាសនាគ្រឹស្ន សាសនាបាហៃ និងសាសនាផ្សេងៗមួយចំនួនទៀត នៅវត្តព្រះព្រហ្មរ័ត្ន នាសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
អភិបាលខេត្តសៀមរាប បានលើកឡើងថា ក្រោមដំបូល នៃសុខសន្ដិភាព ស្ថិរភាពនយោបាយ និងវឌ្ឍនភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន និងឥស្សរជននៃរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិគោរព ប្រតិបត្តិនូវជំនឿ សាសនា និងបក្សនយោបាយ ដែលខ្លួនស្រលាញ់ពេញចិត្ត ហើយបើយោងតាមបាវចនា នៃព្រះរាជាណាចក្រកម្ពុជា គឺជាតិ សាសនា ព្រះមហាក្សត្រ។
លោក ឃឹម ប៊ុនសុង បានបញ្ជាក់ទៀតថា «ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រដែលមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គឺជារដ្ឋឯករាជ្យ អព្យាក្រឹត ហើយបូរណភាពទឹកដីរបស់កម្ពុជា មិនអាចរំលោភបានជាដាច់ខាត ក្នុងព្រំដែលរបស់ខ្លួន ហើយរឹតតែមិនអាចបំបែកបានឡើយ។ ហេតុនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញារក្សាការពារ នូវឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សាការពារនូវទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនា ហើយបានធានានូវសណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈ និងសុខសន្តិភាព ការអភិវឌ្ឍ ក្នុងនោះរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាអាទិភាព ចំពោះជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ»។
បើតាមរបាយការណ៍របស់លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប បានឲ្យដឹងថា សម្រាប់ខេត្តសៀមរាប ក្នុងនោះមានព្រះពុទ្ធសាសនា មាន២និកាយ គឺគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ ហើយមាន២៤២វត្ត និង២៣អាស្រម, មានព្រះសង្ឃសរុប ចំនួន៤,៧៨៨អង្គ។ គណៈមហានិកាយ មាន២៤២វត្ត អាចារ្យវត្តមាន ចំនួន៦៥៨នាក់ ក្នុងនោះអាចារ្យ៤១៨រូប បានទទួលការបណ្ដុះបណ្ដាល ក្នុងនោះគណៈកម្មការវត្តមាន ចំនួន១,៧០៥នាក់។
លោកបានបញ្ជាក់ទៀតថា សម្រាប់ពាហិរសាសនាមាន សាសនាឥស្លាម ក្រុមកនអ៊ីម៉ាំសាន់ មានវិហារ១កន្លែង, ស៊ូរ៉ាវ១១កន្លែង, សាលា១០, សមាគម១កន្លែង ដែលមានបរិស័ទសរុបចំនួន៥,០៧៨នាក់ (ស្រ្តី២,៦០២នាក់)។ សាសនាគ្រឹស មាន២និកាយធំៗ គឺនិកាយប្រូតេស្ដង់ និងនិកាយកាតូលិក៖ មានវិហារ៣កន្លែង, ស្នាក់ការមាន៧២កន្លែង, សាលាបង្រៀនសាសនា ចំនួន៦០សាលា ដែលមានបរិស័ទសរុបចំនួន៥,០២៥នាក់ (ស្រ្តី២,៩៤៩នាក់)។ ពុទ្ធសាសនាមហាយាន (គង់ស៊ីអ៊ីម. ម៉ីឡឺ និងអ៊ីក្វាន់តាវ) មានវិហារ១កន្លែង, ស្នាក់ការថ្វាយបង្គំ២កន្លែង, មានបរិស័ទសរុប ចំនួន២០១នាក់ (ស្រ្តី១១៣នាក់)។ សាសនាបាហៃ មានស្នាក់ការថ្វាយដង្គំ១កន្លែង ដែលមានបរិស័ទ២៧នាក់ (ស្រ្តី១៥នាក់)៕