(ភ្នំពេញ)៖ យុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ ត្រូវបានកត់សម្គាល់ឃើញថា មានសកម្មភាពផុលផុសខ្លាំងជាបណ្តាថ្ងៃកន្លងទៅ ប៉ុន្តែនៅតែអាចរក្សាបានភាពល្អប្រសើរដោយគ្មានកើតអំពើហិង្សានោះឡើយ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃអាទិត្យ ដែលជាថ្ងៃឈប់សម្រាកនេះការដង្ហែរបស់គណបក្សនយោបាយមានសកម្មភាពផុលផុសខ្លាំង ដោយមានការចូលរួមដង្ហែពីអ្នកគាំទ្របក្សនយោបាយមានចំនួនច្រើនជាងពេលកន្លងទៅ។

បើទោះបីជាយ៉ាងការដង្ហែបក្សរកសំឡេងឆ្នោតនៅថ្ងៃនេះ ក៏មានគណបក្សនយោបាយមួយចំនួនមិនបានធ្វើសកម្មភាពផងដែរ។ បើយោងតាមតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានគូសបញ្ជាក់ថា ការឃោសនារកសំឡេងឆ្នោតដែលជាថ្ងៃទី១៦នេះ នៅតែបន្តរក្សាបានភាពល្អប្រសើរទាំងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ពោលគ្មានអំពើហិង្សា ការប៉ះទង្គិចណាមួយកើតឡើងនោះឡើយ។

ក្នុងសេចក្តីប្រកាសព័ត៌មានក៏បានគូសបញ្ជាក់ដែរថា រយៈឃោសនារកសំឡេងឆ្នោត១៦ថ្ងៃនេះ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ទទួលបានពាក្យបណ្តឹងចំនួន២០។ ក្នុងនោះ ១១បណ្តឹង បានដោះស្រាយរួចរាល់, ដើមបណ្តឹងសុំដកពាក្យបណ្តឹងចំនួន ១បណ្តឹង, កំពុងដោះស្រាយ ៤បណ្តឹង, ផ្សះផ្សារមិនសះជា ៣បណ្តឹង និង ១បណ្តឹងទៀត ប្តឹងមកគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ បានចាប់ផ្តើមឡើងនៅថ្ងៃទី០៧ ខែកក្កដា ហើយបិទបញ្ចប់វិញនៅថ្ងៃទី២៧ ខែកក្កដា។ ដោយឡែកការបោះឆ្នោតនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា សប្តាហ៍ក្រោយនេះហើយ៕