(បន្ទាយមានជ័យ)៖ ពេញមួយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ លោក សាន ស៊ានហូ ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត បានចុះទៅគ្រប់ច្រកល្ហក ដើម្បីឃោសនារកការគាំទ្រពីប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត។ សារនយោបាយដែលរំលេចឡើងក្នុងពេលចុះឃោសនានោះ លោក សាន ស៊ានហូ បានប្រាប់ប្រជាពលរដ្ឋថា បើចង់បានសុខសន្តិភាព សិទ្ធិសេរីភាពពេញលេញ និងការអភិវឌ្ឍលើគ្របវិស័យ សូមចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ឲ្យបានគ្រប់គ្នា នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្ដគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី។
ទន្ទឹមនឹងនោះ លោកប្រធានបក្សក្រុងប៉ោយប៉ែត បានបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលជាវីរៈជនដ៏ឆ្នើមរបស់កម្ពុជា បានក្រោកឡើងរំដោះប្រទេសជាតិ និងប្រជាជនឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយថែមទាំងបានកសាងប្រទេសជាតិឲ្យមានការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័ស ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ បានល្អប្រសើរឡើងជាលំដាប់។
លោកបន្តទៀតថា ក្រៅពីរក្សាបាននូវសុខសន្តិភាព រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានកសាងសមិទ្ធផលជាច្រើន ដូចជា៖ រោងចក្រ, សហគ្រាស, សាលារៀន, មន្ទីរពេទ្យ, សំណង់ធារាសាស្ដ្រ, វត្ដអារាម ព្រមទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស និងដោះស្រាយរាល់ការលំបាកផ្នែកសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ព្រមជាមួយគ្នានេះ លោក សាន ស៊ានហូ ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នារក្សាសុខសន្ដិភាព និងការអភិវឌ្ឍប្រទេសជាតិ ហើយដាច់ខាតកុំជឿពាក្យញុះញង់របស់ជនអគតិមួយចំនួន ដែលកំពុងឃោសនា មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ដែលនេះជាទង្វើផ្ទុយនឹងច្បាប់ទាំងស្រុង៕