(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងក្រុមការងារចុះជួយសង្កាត់អូរតាវ៉ៅ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ បានបន្តចុះឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ និងបង្រៀនគូសសន្លឹកឆ្នោត ដល់ប្រជាពលរដ្ឋជិត ២០០នាក់ នៅភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោក ផាន់ ចាន់ធុល បានលើកឡើងថា មាគ៌ាដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា គឺប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយ ដោយបានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

លោកបានគូសបញ្ជាក់ថា ការបោះឆ្នោតនាពេលខាងប្រកបដោយភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ស្របតាមដំណើរលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែមានការបំផុសបំផុលរបស់ពួកក្រុមជនអគតិផ្កាប់មុខមួយចំនួន ដែលគិតតែពីប្រយោជន៍ក្រុមខ្លួន បម្រើបរទេស ក្បត់ជាតិ បំផ្លាញ់ជាតិ បានធ្វើការញុះញុង និងចោទថា ការបោះបោះឆ្នោតខាងមុខ មិនមានលិទ្ធិប្រជាធិបតេយ្យទៅវិញ។

ក្នុងឱកាសនោះ អនុប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន បានបញ្ជាក់ថា ជាង៣០ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាក ហើយបានបន្តជំរុញការអភិវឌ្ឍប្រទេសជាតិ ឲ្យបានរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។

លោកបន្ដថា ជាក់ស្តែងនៅខេត្តប៉ៃលិន ពីមួយអាណត្តិទៅមួយអាណត្តិ គឺបានខិតខំអភិវឌ្ឍន៍តាមមូលដ្ឋាន ឃុំ/សង្កាត់ ដែលពីមុនពុំធ្លាប់មានសោះ ឥឡូវមាន ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព ប្រព័ន្ធ ទឹក ភ្លើង និងសមិទ្ធផលនានាជាច្រើនទៀត ដែលបំរើឲ្យផលប្រយោជន៍ ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះ លោកក៏បានជំរុញដល់មន្រ្តីគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវចុះឲ្យដល់មូលដ្ឋាន និងគ្រប់គ្រងឲ្យបានចំពោះការធ្វើចំណាកស្រុក ទាំងក្នុងប្រទេស និងក្រៅប្រទេសរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន របស់ខ្លួន ព្រមទាំងខិតផ្សព្វផ្សាយជំរុញ ឲ្យពួកគាត់ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីបានតំណាងរាស្ត្រល្អ ដូចជាលោកស្រី បាន ស្រីមុំ អ៉ី ឈាន៕