(ត្បូងឃ្មុំ)៖ លោក វង សូត ប្រធានក្រុមការងារចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៨នេះ បានដឹកនាំសមាជិកគណបក្សប្រជាជនកម្ពជា បើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៦ របស់គណបក្សប្រជាជនកម្ពុជា នៅឃុំចំនួន៨ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំចំនួន១ នៅស្រុកកំចាយមារ ខេត្តព្រៃវែង ដោយមានសមាជិកចូលរួមប្រមាណជាង២,០០០នាក់ ។

សមាជិកគណបក្សប្រជាជនកម្ពុជាទាំង៩ឃុំ ដែលបានបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតពេញ១ថ្ងៃនេះ រួមមាន ៖ ឃុំកក់ , ដូនតី,កណ្ដោលជ្រុំ, កោងកាង ,ពពេល , ក្រែក, វាលម្លូរ , ត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ , និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ក្នុងនោះក៏មានរថយន្ត និងម៉ូតូជាច្រើនគ្រឿង នឹងរថយន្តភ្លេងចំនួន២វង់ ដើម្បីប្រគុំចំរៀងជូនសមាជិកច្រៀងរាំយ៉ាងសប្បាយរីករាយ។

ក្នុងកម្មវិធីបើកយុទ្ធនា ការឃោសនា របស់គណបក្សប្រជាជនកម្ពុជានេះ បានចាប់ផ្តើមឡើង នៅម៉ោង០៧៖៣០នាទីព្រឹក ជាមួយនឹងការថ្លែងសំណេះសំណាល របស់លោក វង សូត ប្រធានក្រុមការងារចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង រួចមកទើបក្បួនឃោសនាចេញដំណើរពីភូមិអន្លុងជ្រៃ ឃុំកក់ ស្រុកពញាក្រែក ដោយបែងចែកជា២វេន ដើម្បីដង្ហែក្បួន។

ក្នុងនោះវេនទី១ ចាប់ផ្តើមនៅម៉ោង ៧៖៣០នាទី ចាកចេញពីឃុំកក់ ស្រុកពញាក្រែក ដឹកនាំដោយលោក វង សូត ចេញដំណើរតាមផ្លូវជាតិលេខ៨ មកដល់ផ្លូវកែងជា៣ បត់ស្ដាំឆ្លងកាត់ឃុំជាច ស្រុកកំចាយមារ ហើយបន្តមកដល់ឃុំដូនតី និងឃុំកណ្ដោលជ្រុំ មកដល់ផ្លូវជាតិលេខ៧ ហើយបត់ស្តាំធ្វើដំណើររហូតដល់ផ្សារស្ទឹង រួចបត់ឆ្វេងឆ្ពោះទៅកាន់ឃុំពពេល ទើបបត់ត្រឡប់ក្រោយមកផ្លូវជាតិលេខ៧វិញ ហើយបន្តដំណើរឆ្ពោះទៅមន្ទីរគណៈបក្សស្រុកពញាក្រែក ដើម្បីសម្រាក។

ចំណែកវេនទី២ នៅរសៀលម៉ោង២រសៀល លោក វង សូត បានដឹងនាំសមាជិក ចេញដំណើរពីមន្ទីរគណៈបក្សស្រុកពញាក្រែក បន្តដំណើរតាមផ្លូវជាតិលេខ៧ ឆ្ពោះទៅកាត់ឃុំវាលម្លូរ រួចបន្តដំណើរទៅឃុំក្រែក ទើបត្រឡប់មកវិញជួបជុំគ្នាជាមួយឃុំត្រពាំងផ្លុង ដើម្បីបញ្ចប់ការហែរក្បួន១ថ្ងៃពេញនេះ ។

គួរបញ្ជាក់ថា ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល ទី ៦នេះ មានគណបក្សនយោបាយចំនួន២០ ចូលរួមប្រកួតប្រជែង ហើយសម្រាប់យុទ្ធនាការឃោសនា ជាលើកទី៣ នាព្រឹកថ្ងៃទី២២ កក្កដានេះ គេសង្កេតឃើញមានគណបក្សចំនួន៥ ដែលធ្វើសកម្មភាពឃោសនា៕