(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃអាទិត្យ ១០កើត ខែទុតិយាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ មានការជួបសំណេះសំណាលជាមួយសមាជិកបក្ស នៅឃុំភារីមាជ័យ និងឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី អៀង មូលី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ។ ចូលរួមក្នុងពិធីនេះរួមមានអស់លោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាប្រធាន អនុប្រធាន សមាជិក ក្រុមការងារចុះជួយឃុំក្នុងស្រុកបរសេដ្ឋ លោកអភិបាលរងស្រុក និងប្រជាជននៅឃុំភារីមានជ័យ និងឃុំស្វាយរំពារ ប្រមាណជាង៧០០នាក់ផងដែរ។
បន្ទាប់ពីស្តាប់របាយការណ៍ប្រធានក្រុមការងារចុះជួយឃុំ អំពីដំណើរការយុទ្ធនាការឃោសនារកសម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជា និងរបាយការណ៍របស់មេភូមិ រួចមក លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា យើងទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោធ្វើជានាយករដ្ឋមន្ត្រី។ សម្តេចតេជោនឹងបន្តដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍ មានការសាងសង់សាលារៀន ស្ពាន ថ្នល់មានក្រាលកៅស៊ូ មានការវិនិយោគ និងប្រជាជនមានការងារធ្វើ។
លោកទេសរដ្ឋមន្ត្រីបានបន្តថា ក្រុមប្រឆាំងមិនចង់ឃើញប្រទេសយើងអភិវឌ្ឍ និងរៀបចំការបោះឆ្នោតទេ។ គេចង់បង្ហាញឱ្យពិភពលោកមើលឃើញថាយើងផ្តាច់ការដូចរបប ប៉ុល ពត និងកាន់តែក្រទៅៗ។ បន្ទាប់ពីរកគ្រប់មធ្យោបាយកុំឱ្យមានការបោះឆ្នោត កុំឱ្យប្រជាជនទៅបោះឆ្នោត ឥឡូវគេឃោសនាថា ការបោះឆ្នោតរៀបចំឡើង៣ថ្ងៃ។ លោកបានបញ្ជាក់ជូនអង្គពិធីថា ការបោះឆ្នោតមានតែមួយថ្ងៃគត់គឺ ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា សប្ដាហ៍ក្រោយនេះ។ យើងទាំងអស់គ្នាស្រឡាញ់របបប្រជាធិបតេយ្យ តែក្រុមប្រឆាំងខំប្រឹងឃោសនាអូសទាញកុំឱ្យប្រជាជនទៅបោះឆ្នោត។ បើមិនទៅបោះឆ្នោតធ្វើយ៉ាងណាយើងអាចមានប្រជាធិប តេយ្យ? ដូច្នេះ យើងត្រូវនាំគ្នាទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា កុំជឿតាមការឃោសនាអកុសលរបស់ក្រុមជនបោកប្រាស់នៅក្រៅស្រុក។
រាជរដ្ឋាភិបាលបានគិតគូរដល់សន្តិសុខ និងសុខុមាលភាពសង្គម ដោយការដំឡើងប្រាក់ខែដល់មន្ត្រីរាជការ និងកម្មករ រួមនឹងការផ្តល់របបសន្តិសុខសង្គមដល់មន្រ្តីរាជការនិងកម្មករផងដែរ។ ចាប់ពីឆ្នាំ២០១៩ រាជរដ្ឋាភិបាលនឹងរៀបចំច្បាប់ឱ្យកម្មករយើងទទួលបានប្រាក់សោធននិវត្តន៍ដូចមន្រ្តីរាជការដែរ។ ជាមួយគ្នានោះ ស្រ្តីមានផ្ទៃពោះក្រីក្រនឹងទទួលបានប្រាក់ឧបត្ថម្ភពី ពេលមានផ្ទៃពោះ រហូតដល់ពេលសម្រាល និងក្រោយពេលសម្រាល នូវចំនួនថវិកាសរុប ៧៦ម៉ឺនរៀលក្នុងម្នាក់ៗផងដែរ។ ហើយនៅក្នុងរយៈពេល ៥ឆ្នាំខាងមុខ តាមការវិភាគរបស់អ្នកសេដ្ឋកិច្ច ប្រាក់ខែកម្មករយើងអាចឡើងដល់២៥០ដុល្លារក្នុងមួយខែ។
នៅទីបញ្ចប់ លោកទេសរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់ប្រជាជនទាំងអស់ និងសមាជិកអង្គពិធីទាំងមូលថា នៅថ្ងៃទី២៩ ខែ កក្កដា យើងនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា ដោយត្រូវគូសឱ្យចំលេខរៀងទី២០ ដែលមានរូបទេវតាបាចផ្កា ដើម្បីសម្តេចតេជោហ៊ុន សែន បន្តដឹកនាំប្រទេសឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍទៅមុខទៀត៕