(ភ្នំពេញ)៖ ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបាននាំមកនូវសមិទ្ធផលជាជោគជ័យធំៗជាច្រើនសម្រាប់ជាតិ ហើយកំពុងបន្តឈានទៅសម្រេចជោគជ័យធំធេងជាច្រើនទៀត ក្នុងការកសាង និងអភិវឌ្ឍន៍ជាតិ។
ក្នុងថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឆ្លងកាត់បណ្តាដំណាក់កាលដ៏លំបាកស្មុគស្មាញជាច្រើន ដែលធ្វើឲ្យកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មីដ៏គួរជាទីមោទនៈបំផុត។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានកាន់តំណែងជានាយករដ្ឋរបស់កម្ពុជាអស់រយៈពេលប្រមាណ ៣៣ឆ្នាំមកហើយនោះ បានគូសរំលេចសមិទ្ធផលធំៗរបស់ជាតិក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះផងដែរ។ សមិទ្ធផលធំៗដែលសម្រេចបាននោះមានដូចជា៖
១៖ កាលពីជាង២០ឆ្នាំមុន កម្ពុជាគឺជាប្រទេសទទួលយកទាហានមួកខៀវរបស់អង្គការសហប្រជាជាតិ ដើម្បីមកធ្វើប្រតិបត្តិការរក្សាសន្តិភាពនៅលើទឹកដីដ៏កម្សត់ដែលពោរពេញដោយជម្លោះ និងការហែកហួរគ្នានេះ។ ឥឡូវកម្ពុជាបានក្លាយជាប្រទេសដែលបញ្ជូនកងកម្លាំងរបស់ខ្លួនឲ្យពាក់មួកខៀវទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសមួយចំនួន ដែលជាចំណុចក្តៅនៅលើសកលលោក។
២៖ កម្ពុជាដែលពីមុនល្បីថា ជាវាលពិឃាត ជាតំបន់អសន្តិសុខ ជាចម្ការមីន ដែលគេភ័យខ្លាចគ្រប់គ្នា ឥឡូវនេះ បានក្លាយទៅជា «កោះសន្តិភាព» និងជាតំបន់ទេសចរណ៍ប្រកបដោយប្រជាប្រិយភាបនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលបានភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំ។
៣៖ កម្ពុជា ដែលពីមុនល្បីក្នុងការប្រើប្រាស់អាវុធ ដើម្បីដណ្តើមអំណាចគ្នា និងក្នុងការផ្លាស់ប្តូររដ្ឋាភិបាល ឥឡូវនេះ បានក្លាយទៅជាប្រទេសមួយ ដែលគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការរៀបចំយ៉ាងទៀងទាត់នូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឲ្យប្រជាពលរដ្ឋជ្រើសតាំងតំណាងដឹកនាំប្រទេស ជានីតិរដ្ឋ ដែលគោរពគោលការណ៍ច្បាប់ដោយឥតងាករេ និងជារដ្ឋអធិបតេយ្យ ដែលមានឯករាជ្យ និងបូរណភាពទឹកដីពេញលេញ។
៤៖ កម្ពុជា ដែលពីមុនជាប្រទេសត្រូវទទួលរងការហ៊ុមព័ទ្ធ និងឯកោទាំងខាងនយោបាយ និងសេដ្ឋកិច្ច ឥឡូវនេះ បានក្លាយជាប្រទេសមួយដែលកំពុងសមាហរណកម្មខ្លួនយ៉ាងសកម្ម ដោយស្មើសិទ្ធិ និងស្មើភាពក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ។
៥៖ កម្ពុជា ដែលពីមុនជាប្រទេសអន់ថយខាងផ្នែកសេដ្ឋកិច្ច គ្របដណ្តប់ទៅដោយភាពក្រីក្រ និងមានអសន្តិសុខ ស្បៀង ឥឡូវនេះ បានក្លាយជាប្រទេសនាំស្បៀងចេញ ហើយស្ថិតនៅក្នុងចំណោមប្រទេសឯតទគ្គលើពិភពលោក ដែលសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ និងជាប្រទេសដែលសម្រេចបាននូវវឌ្ឍនភាពដ៏ល្អប្រសើរក្នុងការកាត់បន្ថយភាពក្រីក្រ ក៏ដូចជាការកែលម្អសូចនាករផ្នែកសង្គមកិច្ច ហើយបានឆ្លងកាត់ដោយជោគជ័យពីចំនាត់ថ្នាក់នៃប្រទេសមានចំណូលទាប ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប កាលពីពេលថ្មីៗកន្លងទៅ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សមិទ្ធផលទាំងអស់នេះ គឺជាសក្ខីភាពយ៉ាងជាក់ស្តែងដែលបញ្ជាក់ច្បាស់ថា ជាមួយនឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខតាមទិសដៅដ៏ត្រឹមត្រូវ ហើយកាន់តែពង្រីកបាននូវភាពអំណោយផលឲ្យប្រជាជនកម្ពុជាបន្តឈានទៅសម្រេចជោគជ័យកាន់តែធំធេងថែមទៀតក្នុងការកសាង និងការពារមាតុភូមិ៕