(កំពង់ចាម)៖ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមការងារយុវជនថ្នាក់កណ្ដាល សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ ដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រមាណ១០,០០០នាក់ រួមគ្នាធ្វើយុទ្ធនាការឃោសនាទ្រង់ទ្រាយធំ ស្វែងរកសំឡេងឆ្នោត នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ក្នុងនោះក៏មានការ​ចូលរួមពី លោក​ លន់​ លឹមថៃ​ ​ប្រធាន​កម្មាធិការបក្ស​ខេត្ត​កំពង់ចាម​ និងលោក​ គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធាន​កម្មាធិការបក្ស​ខេត្ត​កំពង់ចាម ​ក្នុងការហែរក្បួនឃោសនាជិះម៉ូតូ​ក្នុងក្រុងកំពង់ចាម​ ខេត្តកំពង់ចាម ព្រមទាំង​ស្រទាប់យុវជនក្នុងខេត្តកំពង់ចាម យុវជន រាជធានីភ្នំពេញ ពោធិ៍សាត់ ព្រះវិហារ និងមកពីបណ្តាប្រទេស​នានា រួមមាន ប្រទេសអូស្ត្រាលី អាមេរិក កាណាដា ប៊ែលហ្សិក។

ថ្លែងក្នុងឱកាសនោះ លោក ​ហ៊ុន​ ម៉ាណែត​ បានលើកឡើងថា យុវជនរបស់គណបក្សប្រជាជនកម្ពុជា ជាឆ្អឹងខ្នងនៃការចូលរួមកសាងអភិវឌ្ឍ​ប្រទេស​ជាតិ ររំដោះប្រទេសពីអាណានិគមបារាំង ចូលរួមវាយពួកចក្រព័ទ្ធ ចូលរួមរំដោះប្រទេសពីរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ចូលរួមកសាងប្រទេស ឲ្យមានការអភិវឌ្ឍ​មកដល់សព្វថ្ងៃនេះ។

បើតាមលោក ហ៊ុន ម៉ាណែត ចំពោះយុវជនរបស់គណបក្សប្រជាជននាពេលបច្ចុប្បន្ននេះ បានទទួលឱកាសច្រើនពីយុវជនរបស់យើង ពីជំនាន់មុនត្រូវរួមគ្នាថែរក្សា សុខសន្តិភាព និងការរីកចម្រើនរបស់ប្រទេសជាតិជាបន្តទៀត​ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាកន្លង​។

យុវជនដែលបានចូលរួម ក្នុងការហែរក្បួនឃោសនានេះដែរ​ បានសម្តែងភាពសប្បាយរីករាយ ពេញចិត្ត​ គោរព ស្រឡាញ់ នៃការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា និងបានផ្តល់នូវសុខសន្តិភាពជូនជនរួមជាតិទូទាំងប្រទេស ​មានការរអភិវឌ្ឍ​​រីកចម្រើនរហូត។

ដោយឡែកចំពោះ​ប្រជាពលរដ្ឋដែលនៅតាម​គេហដ្ឋាន បានចេញមកទទួល រួម​ជាមួយការអបអរសាទរចំពោះ សប្បាយរីករាយ នៃការដង្ហែរយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ នីតិកាលទី៦នេះ​។ យុវជន​​សមាជិកសមាជិកា ទូទាំងខេត្តកំពង់ចាម​ នៃគណបក្សប្រជាជនកម្ពុជា បានបេ្តជ្ញាចិត្តទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃបោះឆ្នោតទី២៩ ខែកក្កដា ឆ្នាំ២០១៨​ខាងមុខនេះ​ ដើម្បីរក្សាសុខសន្តិភាព​ និងការអភិវឌ្ឍ​ជាបន្តទៀត៕​