(កំពង់ចាម)៖ លោកបណ្ឌិត ឈឹម សារ៉េត ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបាធាយ ទទួលបន្ទុកលើការងារយុវជន និងលោកបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោលយុវជន ស្រុកជើងព្រៃ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ បានចូលរួមហែក្បួនឃោសនាស្វែងរកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ នៅស្រុកបាធាយ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម។
កម្មវិធីនេះ ក៏មានការចូលរួមសហការយ៉ាងជិតស្និទ្ធ និងសកម្ម ពីសមាជិក-សមាជិកា ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកទទួលបន្ទុកលើការងារយុវជនស្រុកទាំងពីរ ព្រមទាំងលោកប្រធានគណៈកម្មាធិការគណបក្សស្រុក និងឃុំផងដែរ។ ការហែក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំនេះ ធ្វើឡើងរយៈពេល១ព្រឹកពេញ ដោយបានគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត។
ក្បួនឃោសនាចែកចេញជា២ខ្សែ មានសមាជិក-សមាជិកាចូលរួមប្រមាណ ២,០០០នាក់ ដោយខ្សែក្បួនទី១ ដឹកនាំដោយលោកបណ្ឌិត ឈឹម សារ៉េត និងខ្សែទី២ ដឹកនាំដោយលោកបណ្ឌិត ម៉ឹង មករា។
ខ្សែក្បួនឃោសនាទាំង២ បានធ្វើដំណើរឆ្លងកាត់ តាមបណ្តាភូមិនៃស្រុកបាធាយ និងស្រុកជើងព្រៃ ដោយទទួលបានការស្វាគមន៍ អបអរសាទរក្បួនឃោសនាយ៉ាងកក់ក្តៅតាមដងផ្លូវ ពីសំណាក់សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋតាមភូមិនីមួយៗ ប្រកបដោយស្នាមញញឹម ភាពរួសរាយរាក់ទាក់ និងភាពស្និទ្ធស្នាលបំផុត ដែលជាការបង្ហាញពីមហាសាមគ្គីភាព ការស្រលាញ់គាំទ្រ និងការជឿជាក់មកលើ គណបក្សប្រជាជនកម្ពុជា។
មុននឹងចាប់ផ្តើមហែក្បួនឃោសនាបោះឆ្នោត យុវជននៃគណបក្សប្រជាជនកម្ពុជា នៃស្រុកទាំងពីរ បានជួបជុំគ្នា ជាលក្ខណៈមហាគ្រួសារយុវជនគណបក្សប្រជាជនកម្ពុជាស្រុក មុនហែក្បួនបើកយុទ្ធនាការឃោសនា បោះឆ្នោតនេះ គឺជាការឆ្លុះបញ្ជាំងពី៖
* ឧត្តមភាព និងភាពរឹងមាំរបស់យុវជនគណបក្សប្រជាជនកម្ពុជា ស្រុកទាំងពីរ។
* បង្ហាញពីស្មារតី សាមគ្គីភាព និងភាតរភាពរវាងសមាជិក-សមាជិកា យុវជនគណបក្សប្រជាជនកម្ពុជាដ៏រឹងមាំ។
* បង្ហាញពីភក្តីភាពឥតងាករេរបស់សមាជិក សមាជិកា ស្រុកបាធាយ និងស្រុកជើងព្រៃទាំងអស់ ចំពោះគណបក្សប្រជាជនកម្ពុជា។
ថ្នាក់ដឹកនាំ រួមទាំងសមាជិក-សមាជិកា យុវជនគណបក្សប្រជាជនកម្ពុជា ស្រុកបាធាយ និងស្រុកជើងព្រៃទាំងអស់ បានប្តេជ្ញាចិត្តយ៉ាងមោះមុតបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់អាណត្តិទី៦ និងអាណត្តិបន្តបន្ទាប់ទៀត៕