Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រយៈពេល៣ថ្ងៃ ប្រជាពលរដ្ឋខេត្តព្រះវិហារជាង ៣ពាន់នាក់ បានទទួលការពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ

22-07-2018 15:51

(ព្រះវិហារ)៖ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោកវេជ្ជបណ្ឌិត គួង ឡូ បានឲ្យដឹងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះថា រយៈពេល៣ថ្ងៃនេះ ប្រជាពលរដ្ឋខេត្តព្រះវិហារ ៣,០២០នាក់ បានទទួលការពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ប្រទេសកូរ៉េ។

លោក គួង ឡូ បានឲ្យដឹងទៀតថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ប្រទេសកូរ៉េ មកពីខេត្តឃ្យូងសាងប៊ុកដូ ដែលមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារនេះ ដឹកនាំដោយលោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ដោយមានការសហការពីមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែក ១៦មករាផងដែរ។

ប្រធានមន្ទីរសុខាភិបាល ខេត្តព្រះវិហារ បានបញ្ជាក់ថា រយៈពេលនៃការពិនិត្យព្យាបាលជំងឺពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋមកពីគ្រប់ទិសទី ក្នុងខេត្តព្រះវិហារ ចំនួន ៣,០២០នាក់ បានមកទទួលការពិនិត្យព្យាបាល លើប្រភេទជម្ងឺរួមមាន៖ ជម្ងឺទូទៅ ទន្តសាស្ត្រ ចក្ខសាស្ត្រ រោគស្ត្រី ជម្ងឺកុមារ ផ្នែកម្ជុលវិទ្យាសាស្ត្រ និងសុងក្រពះជាដើម។

ជាមួយគ្នានេះ ជំនួសមុខឲ្យបងប្អូនប្រជាពលរដ្ឋខេត្តព្រះវិហារ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក សួស យ៉ារ៉ា ក៏ដូចលោក អ៊ុន ចាន់ដា ដែលបានគិតគូរយកចិត្តទុកដាក់ ចំពោះសុខភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ តាមរយៈការដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ប្រទេសកូរ៉េ មកពិនិត្យព្យាបាលជំងឺដោយផ្ទាល់នៅទីនេះ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា សកម្មភាពមនុស្សធម៌នេះ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តព្រះវិហារមិនអាចបំភ្លេចបាន និងសន្យាទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីឲ្យលោកទាំង២ បានដឹកនាំប្រជាពលរដ្ឋ ខេត្តព្រះវិហារ នៅអាណត្តិក្រោយទៀត៕