(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ បានថ្លែងអំពាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវប្រើសិទ្ធិសេរីភាពរបស់ខ្លួន សម្រេចជោគវាសនាប្រទេសជាតិ តាមរយៈការបោះឆ្នោត ដែលប្រព្រឹត្ដទៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុននេះ ។
ការថ្លែងដូច្នេះក្នុងឱកាស លោកបណ្ឌិត និងលោកស្រី អ៊ុក ម៉ាលី អញ្ជើញចូលរួមប្រគេនទៀនវស្សា និងទ័យ្យទានចំនួន៥វត្ត ដែលធ្វើឡើងនៅសាលាបុណ្យ ក្នុងស្រុកកំណើត ក្នុងភូមិជើងឆ្នុក ស្រុកបាធាយ ខេត្ដកំពង់ចាម នៅថ្ងៃទី២២ កក្កដានេះ ។
តំណាងរាស្ដ្រមណ្ឌលកំពង់ចាម លោកបណ្ឌិត ម៉ា ឈឿន បានបញ្ជាក់ថា «មានការបោះឆ្នោត ទើបមានការអភិវឌ្ឍន៍ និងលទ្ធិប្រជាធិបតេយ្យ ហេតុនេះហើយសូមបងប្អូនប្រជាពលរដ្ឋ ត្រូវប្រើសិទ្ធិសេរីភាពរបស់ខ្លួន ទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ នីតិកាលទី៦ នៅថ្ងៃទី២៩កក្កដា ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីរក្សាបាននូវសុខសន្ដិភាព និងការអភិវឌ្ឍន៍ ឲ្យរីកចម្រើនតទៅមុខទៀត» ។
លោកបណ្ឌិត ថ្លែងបន្ដថា ប្រទេសជាតិយើងសព្វថ្ងៃនេះ កំពុងតែមានរីកចម្រើនជាលំដាប់ និងការកសាងលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវដែក អគារខ្ពស់ៗ សាលារៀន មន្ទីរពេទ្យ វត្ដអារាម រោងចក្រក៏កាន់តែច្រើន -ល- នេះក៏ដោយសារតែប្រទេសមានសុខសន្ដិភាព ហើយសុខសន្ដិភាពនេះ គឺបានមកពីការដឹកនាំដ៏រឹងមាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដូចនេះសូមបងប្អូនត្រូវបន្ដគាំទ្រសម្ដេចតេជោ ជានាយករដ្ឋមន្ដ្រី តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា»។
តំណាងរាស្ដ្រមណ្ឌលកំពង់ចាម ថ្លែងបន្ថែមថា មានគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យកម្ពុជា មានសុខសន្តិភាពពេញលេញ និងរីកចម្រើន បងប្អូនប្រជាពលរដ្ឋរស់នៅមានជីវភាពធូរធារ ៕