(ភ្នំពេញ)៖ សំឡេងស្រែកខ្លាំងៗ ព្រមៗគ្នា នូវពាក្យស្លោកមួយចំនួន តាមបណ្ដាផ្លូវទាំងតូចធំ ស្ទើរគ្រប់ច្រកល្ហកទូទាំងខណ្ឌឬស្សីកែវ ក្នុងឱកាសបន្តយុទ្ធនាការឃោសនារកសម្លេងឆ្នោតជាលើកទី៣ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ បានបន្លឺឡើងថា «ជ័យយោ! គណបក្សប្រជាជនកម្ពុជា សូមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឲ្យខ្លួនឯង ហើយការបោះឆ្នោតឲ្យខ្លួនឯងនោះ គឺដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឃន៍បន្តទៀត» ចេញពីមាត់សមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា សរុបជាង៣ពាន់នាក់ ដង្ហែជាក្បួន ក្រោមការដឹកនាំដោយផ្ទាល់ពីលោក ជា ពិសី សមាជិកក្រុមលេខាសម្ដេចតេជោ និងជាអនុប្រធានគណបក្សខណ្ឌ ។
ដៃកាន់ក្បាលមេក្រូហ្វូន លោក ជា ពិសី បានស្រែកខ្លាំងៗថា ជ័យយោ! គណបក្សប្រជាជនកម្ពុជា សូមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឲ្យខ្លួនឯង ហើយការបោះឆ្នោតឲ្យខ្លួនឯងនោះ គឺដើម្បីនាំមកនូវ សន្តិភាព និងការអភិវឌ្ឍន៍បន្តទៀត ក៏ព្រោះតែ គណបក្សប្រជាជនកម្ពុជា មានគុណបំណាច់យ៉ាងច្រើន ដែលមិនអាចគណនាបាន ដូចជាការរំដោះប្រជាពលរដ្ឋ ឲ្យរួចផុតពីភ្លើងសង្គ្រាម នៃបនប្រល័យពូជសាសន៍ ប៉ុល ពត និងបានចូលរួមសុខរួមទុក្ខ ជាមួយប្រជាជន បើទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ថែមទាំងបានចូលរួមថែរក្សាសុខសន្តិភាព យូរអង្វែងជាងគេសម្រាប់ប្រទេស។
លោកបន្តថា ក្នុងនោះ បានផ្ដល់ឱកាសជាអត្ថប្រយោជន៍យ៉ាងច្រើនជូនប្រជាជន កម្មករ កម្មការិនី នាពេលបច្ចុប្បន្ន ធ្វើឲ្យប្រទេសកម្ពុជា ចាកចេញពីប្រទេសមានដោយភ្លើងសង្គ្រាម ឲ្យក្លាយទៅជាប្រទេសអច្ឆរិយៈមួយ មានការរីកចម្រើន យ៉ាងឆាប់រហ័ស ជាពិសេស គណបក្សប្រជាជនកម្ពុជា មានការប្រមូលផ្ដុំ សំបូរទៅដោយធនធានមនុស្ស ដោយគ្មានគណបក្សនយោបាយណាមួយ ប្រៀបបាននោះទេ ដូច្នេះសូមនាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ ជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឃបន្តទៀត ក្រោមការដឹកនាំពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ទាំងអាណត្តិនឹង និងអាណត្តិក្រោយៗបន្តទៀត៕